ជនគណនា 14:19-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​អត់​ទោស​នៃ​ការ​ទុច្ចរិត​របស់​ពួក​ជន​នេះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ។

20. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​អត់​ទោស​ឲ្យ តាម​ពាក្យ​ឯង​ហើយ

21. ប៉ុន្តែ​អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា

22. ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ និង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ

23. គេ​នឹង​មិន​ដែល​ឃើញ​ស្រុក ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ គឺ​ពួក​ដែល​មើល‌ងាយ​អញ​នោះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​នោះ​ឡើយ ដោយ​ព្រោះ​គេ​បាន​ល្បង‌ល​អញ ទាំង​១០​ដង​នេះ​ហើយ ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​អញ​ផង

24. តែ​ឯ​កាលែប ជា​អ្នក​បំរើ​របស់​អញ នោះ​អញ​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ​គាត់​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ ពី​ព្រោះ​មាន​វិញ្ញាណ​ផ្សេង​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក

25. (រីឯ​សាសន៍​អាម៉ា‌លេក ហើយ​នឹង​សាសន៍​កាណាន គេ​អាស្រ័យ​នៅ​ក្នុង​វាល​ច្រក​ភ្នំ​នោះ) ដល់​ស្អែក​នេះ ចូរ​ឯង​រាល់​គ្នា​វិល​ដើរ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ។

26. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

27. តើ​ត្រូវ​ឲ្យ​អញ​ទ្រាំទ្រ​នឹង​ពួក​ជំនុំ​អាក្រក់ ដែល​គេ​រទូ‌រទាំ​ទាស់​នឹង​អញ​នេះ ដល់​កាល​ណា​ទៀត អញ​បាន​ឮ​ពាក្យ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រទូ‌រទាំ​ទាស់​នឹង​អញ​នោះ​ហើយ

28. ចូរ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា តាម​ពាក្យ​ដែល​បាន​និយាយ​ដាក់​ត្រចៀក​អញ​នោះ ជា​មិន​ខាន

29. គឺ​ខ្មោច​របស់​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​បាន​រទូ‌រទាំ​ទាស់​នឹង​អញ នោះ​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ​ឯង ដរាប​ដល់​គ្រប់​ចំនួន​នោះ

30. ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ និង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ

31. ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង

32. តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ

ជនគណនា 14