12. ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនឹងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។
13. តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់)
14. នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ និងក្នុងបង្គោលភ្លើងនៅវេលាយប់
15. ដូច្នេះ បើទ្រង់សំឡាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា
16. ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសំឡាប់គេ នៅក្នុងទីរហោស្ថានវិញ
17. ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានព្រះបន្ទូលរួចហើយថា
18. ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត និងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង
19. ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
20. នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញអត់ទោសឲ្យ តាមពាក្យឯងហើយ
21. ប៉ុន្តែអញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា
22. ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ និងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ
23. គេនឹងមិនដែលឃើញស្រុក ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង
24. តែឯកាលែប ជាអ្នកបំរើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ចំពូក
25. (រីឯសាសន៍អាម៉ាលេក ហើយនឹងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
26. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
27. តើត្រូវឲ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ ដែលគេរទូរទាំទាស់នឹងអញនេះ ដល់កាលណាទៀត អញបានឮពាក្យ ដែលពួកកូនចៅអ៊ីស្រាអែលរទូរទាំទាស់នឹងអញនោះហើយ
28. ចូរប្រាប់គេថា ព្រះយេហូវ៉ាទ្រង់ស្បថ ដោយនូវព្រះជន្មទ្រង់ថា ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមពាក្យដែលបាននិយាយដាក់ត្រចៀកអញនោះ ជាមិនខាន
29. គឺខ្មោចរបស់ឯងរាល់គ្នា ជាពួកអ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលបានរទូរទាំទាស់នឹងអញ នោះនឹងត្រូវដួលនៅទីរហោស្ថាននេះឯង ដរាបដល់គ្រប់ចំនួននោះ