ជនគណនា 14:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ​ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ឡើង​សំឡេង​ស្រែក ហើយ​នៅ​យប់​នោះ បណ្តា‌ជន​ក៏​យំ​គ្រប់​គ្នា

2. នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង

3. តើ​ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ ហើយ​ឲ្យ​ប្រពន្ធ​កូន​យើង​ទៅ​ជា​រំពា​គេ​ផង ចុះ​បើ​យើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​មាន​ប្រយោជន៍​ជា​ជាង​ទេ​ឬ​អី

4. រួច​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​រើស​យក​មេ​ម្នាក់ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ​ទៅ។

5. នោះ​ម៉ូសេ និង​អើរ៉ុន លោក​ទំលាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

6. ហើយ​យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន

7. ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃលែង

8. បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរ‌ហៀរ

9. កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ

10. ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ។

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា តើ​ជន​ទាំង‌ឡាយ​នេះ នឹង​នៅ​តែ​មើល‌ងាយ​អញ ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំគាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្តាល​គេ​ជា​ច្រើន​ម៉្លេះ​ផង

12. ដូច្នេះ អញ​នឹង​វាយ​គេ ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​នឹង​កាត់‌កាល់​គេ​ចោល​ចេញ រួច​អញ​នឹង​បង្កើត​សាសន៍១​ដ៏​ធំ​ជាង ហើយ​ពូកែ​ជាង​ពី​ឯង​វិញ។

ជនគណនា 14