27. គេជំរាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ
28. ប៉ុន្តែមនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ
29. សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។
30. ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល
31. ប៉ុន្តែមនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់
32. អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុក ដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នក ដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ
33. នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសំបើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។