2. គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានព្រះបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ
3. (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4. នោះលោតែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ
5. ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានព្រះបន្ទូលហៅចំពោះអើរ៉ុន និងម៉ារាម រួចគេក៏ចេញមក
6. ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញ ដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ
7. ឯម៉ូសេជាអ្នកបំរើអញ នោះអញមិនធ្វើដូច្នោះទេ ព្រោះជាអ្នកស្មោះត្រង់ក្នុងផ្ទះរបស់អញទាំងមូល
8. អញនឹងនិយាយផ្ទាល់មាត់ នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបំរើអញដូច្នេះ។
9. សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ
10. ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ
11. ក៏អង្វរដល់ម៉ូសេថា ឱលោកម្ចាស់ខ្ញុំអើយ សូមកុំទំលាក់បាបនេះមកលើយើងខ្ញុំ ដោយព្រោះយើងខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយបានធ្វើបាបនេះ នោះឡើយ
12. សូមកុំឲ្យម៉ារាមបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្តាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ
13. ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ