7. រីឯនំម៉ាន៉ានោះ មានភាពដូចជាគ្រាប់ល្ង មានសម្បុរដូចជាកែវមុក្តា
8. ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី
9. នៅវេលាយប់ កាលទឹកសន្សើមធ្លាក់មកលើទីដំឡើងត្រសាល នោះនំម៉ាន៉ាក៏ធ្លាក់មកជាមួយ
10. ម៉ូសេក៏ឮបណ្តាជនយំ នៅគ្រប់ទាំងគ្រួសារគេ គឺគ្រប់គ្នានៅមាត់ទ្វារត្រសាលរបស់ខ្លួន នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងជាខ្លាំង ហើយម៉ូសេក៏អន់ចិត្តដែរ
11. រួចម៉ូសេទូលដល់ព្រះយេហូវ៉ាថា ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបំរើទ្រង់ដូច្នេះ ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណនៃទ្រង់ គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ
12. តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានព្រះបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេដូច្នេះ
13. តើទូលបង្គំនឹងបានសាច់ពីណាមក ឲ្យមនុស្សទាំងនេះបរិភោគបាន ដ្បិតគេយំតាមទូលបង្គំថា ចូរឲ្យសាច់មកយើងបរិភោគផង
14. រូបទូលបង្គំតែម្នាក់ឯង នឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកំឡាំងទូលបង្គំហើយ
15. បើទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងដូច្នេះ ហើយបើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិត នោះសូមសំឡាប់ទូលបង្គំទៅវិញចុះ ដើម្បីកុំឲ្យទូលបង្គំនៅឃើញសេចក្ដីវេទនា របស់ទូលបង្គំទៀត។
16. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរប្រមូល៧០នាក់ពីពួកចាស់ទុំសាសន៍អ៊ីស្រាអែល ដែលឯងដឹងថា ជាចាស់ទុំក្នុងបណ្តាជន និងជានាយកត្រួតត្រាលើគេមែន ឲ្យគេមកឯអញ ត្រូវនាំគេមកឯត្រសាលជំនុំ ឲ្យឈរនៅទីនោះជាមួយនឹងឯង
17. អញនឹងចុះមកនិយាយនឹងឯង ហើយនឹងចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើឯង ទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ
18. ត្រូវឲ្យឯងប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់នៅថ្ងៃស្អែក នោះនឹងបានសាច់បរិភោគហើយ ដ្បិតឯងរាល់គ្នាបានយំដាក់ព្រះកាណ៌នៃព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ ដ្បិតដែលយើងនៅស្រុកអេស៊ីព្ទនៅឡើយ នោះស្រួលណាស់ ដូច្នេះព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់មក ហើយឯងរាល់គ្នានឹងបរិភោគផង
19. មិនមែនត្រឹមតែ១ថ្ងៃ ២ថ្ងៃ ឬ៥ថ្ងៃ ១០ថ្ងៃ ឬ២០ថ្ងៃប៉ុណ្ណោះទេ
20. គឺឯងរាល់នឹងបរិភោគពេញ១ខែវិញ ទាល់តែសាច់នោះចេញតាមរន្ធច្រមុះឯងមក ហើយឯងនឹងធុញទ្រាន់ចំពោះសាច់នោះ ពីព្រោះឯងរាល់គ្នាបានជិនណាយចិត្តនឹងព្រះយេហូវ៉ា ដែលទ្រង់គង់កណ្តាលពួកឯង ហើយបានយំនៅចំពោះទ្រង់ថា ហេតុអ្វីបានជាយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ។