18. ត្រូវឲ្យឯងប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់នៅថ្ងៃស្អែក នោះនឹងបានសាច់បរិភោគហើយ ដ្បិតឯងរាល់គ្នាបានយំដាក់ព្រះកាណ៌នៃព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ ដ្បិតដែលយើងនៅស្រុកអេស៊ីព្ទនៅឡើយ នោះស្រួលណាស់ ដូច្នេះព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់មក ហើយឯងរាល់គ្នានឹងបរិភោគផង
19. មិនមែនត្រឹមតែ១ថ្ងៃ ២ថ្ងៃ ឬ៥ថ្ងៃ ១០ថ្ងៃ ឬ២០ថ្ងៃប៉ុណ្ណោះទេ
20. គឺឯងរាល់នឹងបរិភោគពេញ១ខែវិញ ទាល់តែសាច់នោះចេញតាមរន្ធច្រមុះឯងមក ហើយឯងនឹងធុញទ្រាន់ចំពោះសាច់នោះ ពីព្រោះឯងរាល់គ្នាបានជិនណាយចិត្តនឹងព្រះយេហូវ៉ា ដែលទ្រង់គង់កណ្តាលពួកឯង ហើយបានយំនៅចំពោះទ្រង់ថា ហេតុអ្វីបានជាយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ។
21. រួចម៉ូសេទូលសួរថា បណ្តាមនុស្សដែលទូលបង្គំនៅជាមួយនេះ មានពួកថ្មើរជើងចំនួន៦សែននាក់ ដូច្នេះទ្រង់មានព្រះបន្ទូលថា នឹងឲ្យសាច់ដល់គេគ្រប់គ្នា ឲ្យបានបរិភោគពេញ១ខែឬ
22. តើត្រូវសំឡាប់ហ្វូងសត្វទាំងធំទាំងតូច ឲ្យល្មមដល់គេឬអី ឬត្រូវប្រមូលត្រីក្នុងសមុទ្រទាំងអស់មក ឲ្យល្មមដល់គេដែរ
23. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងម៉ូសេថា តើព្រះហស្តព្រះយេហូវ៉ាបានរួញខ្លីឬអី ឥឡូវនេះឯងនឹងឃើញពិត បើពាក្យអញថានឹងកើតមកដល់ឯងមែន ឬមិនមែន។
24. ម៉ូសេក៏នាំយកព្រះបន្ទូលនៃព្រះយេហូវ៉ា ចេញទៅប្រាប់ដល់បណ្តាជន រួចលោកប្រមូលពួកចាស់ទុំនៃបណ្តាជន៧០នាក់ មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ
25. នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានព្រះបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០នាក់នោះផង កាលព្រះវិញ្ញាណបានសណ្ឋិតលើគេហើយ នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ។
26. រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
27. នោះមានមនុស្សកំឡោះម្នាក់រត់ទៅជំរាបម៉ូសេពីរឿងនោះថា អែលដាត និងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល