1. ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុត នៃទីដំឡើងត្រសាលទៅ
2. នោះបណ្តាជនក៏ស្រែករកម៉ូសេ ហើយលោកអធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងបានរលត់ទៅ
3. ដូច្នេះគេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។
4. រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ
5. យើងនឹករំឭកពីត្រី ដែលយើងបានបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ និងខ្ទឹមសផង
6. តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ មានតែនំម៉ាន៉ា ដែលនៅចំពោះភ្នែកយើងនេះប៉ុណ្ណោះ
7. រីឯនំម៉ាន៉ានោះ មានភាពដូចជាគ្រាប់ល្ង មានសម្បុរដូចជាកែវមុក្តា
8. ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី
9. នៅវេលាយប់ កាលទឹកសន្សើមធ្លាក់មកលើទីដំឡើងត្រសាល នោះនំម៉ាន៉ាក៏ធ្លាក់មកជាមួយ
10. ម៉ូសេក៏ឮបណ្តាជនយំ នៅគ្រប់ទាំងគ្រួសារគេ គឺគ្រប់គ្នានៅមាត់ទ្វារត្រសាលរបស់ខ្លួន នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងជាខ្លាំង ហើយម៉ូសេក៏អន់ចិត្តដែរ
11. រួចម៉ូសេទូលដល់ព្រះយេហូវ៉ាថា ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបំរើទ្រង់ដូច្នេះ ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណនៃទ្រង់ គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ
12. តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានព្រះបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេដូច្នេះ
13. តើទូលបង្គំនឹងបានសាច់ពីណាមក ឲ្យមនុស្សទាំងនេះបរិភោគបាន ដ្បិតគេយំតាមទូលបង្គំថា ចូរឲ្យសាច់មកយើងបរិភោគផង
14. រូបទូលបង្គំតែម្នាក់ឯង នឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកំឡាំងទូលបង្គំហើយ