ជនគណនា 10:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. នោះ​បាន​រុះ​រោង​ឧបោសថ ហើយ​ពួក​កូន​ចៅ​គើសុន និង​ពួក​កូន​ចៅ​ម្រ៉ារី ក៏​ចេញ​ទៅ​ទាំង​លី‌សែង​រោង​នោះ

18. បន្ទាប់​មក មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពួក​កូន​ចៅ​រូបេន នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ត្រួត​លើ​ពួក​កង​គេ

19. ហើយ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សា‌ដាយ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ស៊ីម្មាន

20. និង​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​កាឌ់

21. រួច​មក ពួក​កេហាត់​ក៏​ចេញ​ទៅ​ទាំង​លី‌សែង​ទី​បរិសុទ្ធ ហើយ​ពួក​មុន​នោះ​ក៏​ដំឡើង​រោង​ឧបោសថ ឲ្យ​ទាន់​គេ​មក​ដល់

22. រួច​មាន​ទង់‌ជ័យ​ទី​ដំឡើង​ត្រសាល នៃ​ពួក​កូន​ចៅ​អេប្រា‌អិម នាំ​គ្នា​ចេញ​ទៅ តាម​ពួក​កង​គេ មាន​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ត្រួត​លើ​ពួក​កង​គេ

23. ហើយ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ម៉ាន៉ាសេ

24. និង​អ័ប៊ីដាន​ជា​កូន​គីដា‌ហូនី ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​បេន‌យ៉ា‌មីន

25. រួច​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​ដាន់ នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អ័ហ៊ី‌យេ‌ស៊ើរ​ជា​កូន​អាំមី‌សា‌ដាយ ត្រួត​លើ​ពួក​កង​គេ​ជា​ខាង​ក្រោយ​បង្អស់

26. ហើយ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អេស៊ើរ

27. និង​អ័ហ៊ីរ៉ា​ជា​កូន​អេណាន់ ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​ណែប‌ថាលី

28. គឺ​យ៉ាង​នេះ​ហើយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តែង​ធ្វើ​ដំណើរ​ទៅ គេ​ចេញ​ដើរ​ទៅ​តាម​ពួក​កង​គេ​រៀង​ខ្លួន។

29. រីឯ​ម៉ូសេ​លោក​ជំរាប​ហូបាប់ កូន​រេហួល សាសន៍​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​លោក​ថា យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​រាល់​គ្នា ដូច្នេះ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ចុះ នោះ​នឹង​មាន​ប្រយោជន៍​ដល់​លោក​ឪពុក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​យ៉ាង​ល្អ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

30. តែ​លោក​ឆ្លើយ​ថា អញ​មិន​ទៅ​ទេ អញ​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អញ​វិញ ដើម្បី​នៅ​ជា​មួយ​នឹង​ញាតិ‌សន្តាន​របស់​អញ

31. តែ​ម៉ូសេ​អង្វរ​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ចោល​យើង​ខ្ញុំ​ឡើយ ដ្បិត​លោក​ជា​អ្នក​ស្គាល់​អស់​ទាំង​ទី​កន្លែង ដែល​យើង​ខ្ញុំ​ត្រូវ​ដំឡើង​ត្រសាល នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ដូច្នេះ​លោក​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​យើង​ខ្ញុំ

32. បើ‌សិន​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ នោះ​ការ​ល្អ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​យើង​ខ្ញុំ​យ៉ាង​ណា នោះ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​លោក​យ៉ាង​នោះ​ដែរ។

ជនគណនា 10