40. ឯពូជដំណនៃពួកកូនចៅអេស៊ើរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
41. នោះពួកគេដែលបានរាប់ហើយក្នុងអំបូរអេស៊ើរ មានចំនួន ៤ម៉ឺន១ពាន់៥០០នាក់។
42. ឯពូជដំណរនៃពួកកូនចៅណែបថាលី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា
43. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរណែបថាលី មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
44. នេះហើយជាពួកអ្នកដែលបានកំណត់រាប់ គឺដែលម៉ូសេ និងអើរ៉ុន ហើយនឹងពួកជាកំពូល លើសាសន៍អ៊ីស្រាអែលទាំង១២នាក់ ដែលម្នាក់ក្នុងពួកវង្សានុវង្សរបស់ឪពុកគេនីមួយៗបានកំណត់រាប់
45. ដូច្នេះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
46. នោះរួមគ្នាទាំងអស់ មាន៦សែន៣ពាន់៥៥០នាក់។
47. តែពួកលេវីតាមពូជអំបូរឪពុកគេ នោះមិនបានរាប់ជាមួយគ្នាទេ
48. ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា
49. មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ
50. តែត្រូវឲ្យឯងដំរូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់សំរាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង
51. កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់
52. ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន
53. តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ
54. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេបានធ្វើសំរេចតាមទាំងអស់។