8. មានកាល១ថ្ងៃពួកដើមឈើចង់ធ្វើបុណ្យចាក់ប្រេង តាំងឲ្យមានស្តេចឡើង ក៏ទៅសូមដល់ដើមអូលីវថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
9. តែដើមអូលីវប្រកែកថា តើគួរឲ្យខ្ញុំលះចោលប្រេងខ្ញុំ ដែលសំរាប់ប្រើនឹងលើកដំកើងព្រះ ហើយនឹងមនុស្សផង ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
10. រួចពួកដើមឈើទាំងនោះក៏សូមដល់ដើមល្វាថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
11. តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
12. នោះពួកដើមឈើក៏សូមដល់ដើមទំពាំងបាយជូរថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
13. តែដើមទំពាំងបាយជូរប្រកែកថា តើគួរឲ្យខ្ញុំលះចោលជាតិទឹកផ្លែរបស់ខ្ញុំ ដែលនាំឲ្យទាំងព្រះ និងមនុស្សផង បានសប្បាយឡើង ដើម្បីទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
14. រួចមកដើមឈើទាំងនោះ ក៏ទៅសូមដល់គុម្ពបន្លាថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
15. នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមកបញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។
16. ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ
17. ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានផង
18. ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងពួកគ្រួឪពុកខ្ញុំវិញ ព្រមទាំងសំឡាប់កូនរបស់លោក៧០នាក់ នៅលើថ្មតែ១ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់បាវបំរើលោក ឲ្យធ្វើជាស្តេចលើបណ្តាមនុស្សនៅស៊ីគែម ដោយព្រោះតែគេជាសាច់ញាតិ និងអ្នករាល់គ្នាដូច្នេះ
19. អើ បើអ្នករាល់គ្នាយល់ឃើញថា បានប្រព្រឹត្តត្រឹមត្រូវ ហើយស្មោះត្រង់នឹងយេរូ-បាល ព្រមទាំងពួកគ្រួលោកទាំងប៉ុន្មាននៅថ្ងៃនេះ នោះចូរឲ្យត្រេកអរសប្បាយចំពោះអ័ប៊ីម៉្មាឡិចចុះ ហើយឲ្យគេបានរីករាយនឹងអ្នករាល់គ្នាដែរ
20. ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ
21. រួចយ៉ូថាមក៏ដកខ្លួនរត់រួចទៅឯស្រុកប្អៀរ ស្នាក់នៅទីនោះដោយព្រោះខ្លាចអ័ប៊ីម៉្មាឡិចជាបង។
22. អ័ប៊ីម៉្មាឡិចក៏ជែងគ្រប់គ្រង លើពួកអ៊ីស្រាអែលអស់៣ឆ្នាំ
23. លំដាប់នោះព្រះទ្រង់បណ្តាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមនុស្សនៅស៊ីគែម មានគំនិតអាក្រក់ដល់គ្នាទៅវិញទៅមក ពួកមនុស្សនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់ចំពោះអ័ប៊ីម៉្មាឡិច
24. ដើម្បីឲ្យឈាមនៃពួកកូនយេរូ-បាលទាំង៧០នាក់ ដែលអ័ប៊ីម៉្មាឡិច ជាប្អូនបានសំឡាប់ដោយសាហាវ បានធ្លាក់មកលើលោក និងពួកមនុស្សនៅស៊ីគែម ដែលបានចំរើនកំឡាំងដៃលោក ឲ្យសំឡាប់បងប្អូនផង
25. ដូច្នេះ ពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។