5. រួចនាំទៅឯផ្ទះឪពុកនៅក្រុងអូប្រា សំឡាប់ពួកកូនយេរូ-បាល ដែលជាបងប្អូនខ្លួនទាំង៧០នាក់ នៅលើថ្មតែ១ នៅសល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានពួនខ្លួន
6. ដូច្នេះ ពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទាំងអស់ ក៏មូលមកព្រមគ្នានឹងទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅត្រង់ដើមម៉ៃសាក់ក្នុងបន្ទាយនៅត្រង់ស៊ីគែម ឲ្យធ្វើជាស្តេចឡើង។
7. មានគេនាំដំណឹងនោះ ទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែមអើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ
8. មានកាល១ថ្ងៃពួកដើមឈើចង់ធ្វើបុណ្យចាក់ប្រេង តាំងឲ្យមានស្តេចឡើង ក៏ទៅសូមដល់ដើមអូលីវថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
9. តែដើមអូលីវប្រកែកថា តើគួរឲ្យខ្ញុំលះចោលប្រេងខ្ញុំ ដែលសំរាប់ប្រើនឹងលើកដំកើងព្រះ ហើយនឹងមនុស្សផង ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
10. រួចពួកដើមឈើទាំងនោះក៏សូមដល់ដើមល្វាថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
11. តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
12. នោះពួកដើមឈើក៏សូមដល់ដើមទំពាំងបាយជូរថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
13. តែដើមទំពាំងបាយជូរប្រកែកថា តើគួរឲ្យខ្ញុំលះចោលជាតិទឹកផ្លែរបស់ខ្ញុំ ដែលនាំឲ្យទាំងព្រះ និងមនុស្សផង បានសប្បាយឡើង ដើម្បីទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី