43. នោះអ័ប៊ីម៉្មាឡិចក៏ចែកពួកទ័ពជា៣ផ្នែក នាំចេញទៅបង្កប់ខ្លួននៅឯវាល តែកាលលោកក្រឡេកមើលទៅឃើញពួកបណ្តាជន កំពុងចេញពីទីក្រុងមកទៀត នោះក៏ក្រោកស្ទុះចូលទៅវាយគេ
44. រួចលោក និងពួកទ័ព១ផ្នែកដែលនៅជាមួយ ក៏រត់ទៅពីខាងមុខ ឈរនៅមាត់ទ្វារក្រុង ឯពួកទ័ព២ផ្នែកឯទៀត ក៏ស្ទុះចូលទៅវាយពួកដែលនៅឯវាលនោះ
45. អ័ប៊ីម៉្មាឡិចបានច្បាំងនឹងពួកទីក្រុងនោះអស់ពេញ១ថ្ងៃ ក៏ចាប់យកទីក្រុងបាន ហើយសំឡាប់ពួកបណ្តាជនទាំងប៉ុន្មាន រួចរំលំទីក្រុង ព្រមទាំងបាចអំបិលទៅលើផង។
46. កាលពួកមនុស្ស នៅប៉មស៊ីគែម បានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត
47. មានគេជំរាបដល់អ័ប៊ីម៉្មាឡិចថា ពួកមនុស្សនៅប៉មស៊ីគែមបានមូលគ្នាហើយ
48. នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាម ដូចជាអញចុះ
49. ដូច្នេះ គេក៏កាប់មែកឈើរៀងខ្លួនលីទៅតាម រួចដាក់មែកឈើទាំងនោះ នៅត្រង់ជើងបន្ទាយ ហើយដុតបញ្ឆេះពីលើគេទៅ ដូច្នេះ ពួកមនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រហែលជា១ពាន់នាក់។
50. រួចអ័ប៊ីម៉្មាឡិចក៏ទៅដល់ថេបេស បោះទ័ពទាស់នឹងគេ ហើយចាប់យកទីក្រុងបាន
51. តែនៅក្នុងទីក្រុងនោះ មានប៉ម១មាំមួនណាស់ ឯពួកមនុស្សនៅក្រុងទាំងអស់គ្នា ទាំងប្រុសទាំងស្រី គេក៏រត់ទៅជ្រកនៅប៉មនោះ រួចបិទទ្វារនាំគ្នាឡើងទៅដល់កំពូល
52. អ័ប៊ីម៉្មាឡិចក៏មកច្បាំងនឹងទីប៉ម ហើយចូលទៅដល់មាត់ទ្វារ ដើម្បីនឹងបង្កាត់ភ្លើងដុតចោល
53. ខណៈនោះ មានស្ត្រីម្នាក់យកគ្របត្បាល់កិន បោះមកលើ ត្រូវបែកក្បាលអ័ប៊ីម៉្មាឡិចទៅ
54. ដូច្នេះ លោកហៅមនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសំឡាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំនៀលថា មានស្រីបានសំឡាប់អញនោះឡើយ ដូច្នេះ មនុស្សកំឡោះនោះ ក៏ចាក់ទំលុះលោកសំឡាប់ចោលទៅ