25. ដូច្នេះ ពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។
26. គ្រានោះកាអាស ជាកូនអេបេឌ ក៏មកដល់ស៊ីគែម ជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
27. គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
28. កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែមជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះចូរអ្នករាល់គ្នាកោតខ្លាច ដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី
29. ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។
30. កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង
31. រួចលោកចាត់គេឲ្យទៅជំរាបអ័ប៊ីម៉្មាឡិចដោយសំងាត់ថា មើល ឥឡូវកាអាល ជាកូនអេបេឌ និងបងប្អូនវា បានមកដល់ស៊ីគែមហើយ គេញុះញង់ទីក្រុងឲ្យបះបោរទាស់នឹងលោក
32. ដូច្នេះ សូមឲ្យលោក និងពួកអ្នកដែលកាន់ខាងលោក រៀបចំទៅបង្កប់ខ្លួនទាំងយប់នៅទីវាលទៅ
33. រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា និងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ។
34. ខណៈនោះ អ័ប៊ីម៉្មាឡិច និងអស់មនុស្សដែលកាន់ខាងលោក ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជា៤ពួក ដើម្បីច្បាំងនឹងពួកក្រុងស៊ីគែម
35. ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងពួកអ្នកដែលនៅជាមួយ ក៏ងើបចេញពីទីបង្កប់ខ្លួនមក
36. កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ
37. កាអាលក៏ប្រាប់ម្តងទៀតថា មើលនុ៎ះន៏ មានគេមកពីទួលខ្ពស់នោះហើយ ក៏មាន១ពួកទៀតមកតាមផ្លូវដើមម៉ៃសាក់មេវនេនីមដែរ
38. នោះសេប៊ុលឆ្លើយថា តើសំដីឯងនៅឯណាឥឡូវ ដែលឯងបានថា តើអ័ប៊ីម៉្មាឡិចជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា គឺមនុស្សទាំងនោះហើយ ដែលឯងបានមើលងាយទេតើ ដូច្នេះ ចូរចេញទៅច្បាំងនឹងគេឥឡូវនេះចុះ
39. កាអាលក៏នាំមុខពួកមនុស្សនៅស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច
40. តែអ័ប៊ីម៉្មាឡិចប្រដេញគាត់វិញ ហើយគាត់ក៏រត់ពីមុខគេទៅ មានមនុស្សជាច្រើនបានដួល ដោយត្រូវរបួស រហូតដល់មាត់ទ្វារទីក្រុង។