16. ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ
17. ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានផង
18. ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងពួកគ្រួឪពុកខ្ញុំវិញ ព្រមទាំងសំឡាប់កូនរបស់លោក៧០នាក់ នៅលើថ្មតែ១ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់បាវបំរើលោក ឲ្យធ្វើជាស្តេចលើបណ្តាមនុស្សនៅស៊ីគែម ដោយព្រោះតែគេជាសាច់ញាតិ និងអ្នករាល់គ្នាដូច្នេះ
19. អើ បើអ្នករាល់គ្នាយល់ឃើញថា បានប្រព្រឹត្តត្រឹមត្រូវ ហើយស្មោះត្រង់នឹងយេរូ-បាល ព្រមទាំងពួកគ្រួលោកទាំងប៉ុន្មាននៅថ្ងៃនេះ នោះចូរឲ្យត្រេកអរសប្បាយចំពោះអ័ប៊ីម៉្មាឡិចចុះ ហើយឲ្យគេបានរីករាយនឹងអ្នករាល់គ្នាដែរ
20. ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ
21. រួចយ៉ូថាមក៏ដកខ្លួនរត់រួចទៅឯស្រុកប្អៀរ ស្នាក់នៅទីនោះដោយព្រោះខ្លាចអ័ប៊ីម៉្មាឡិចជាបង។
22. អ័ប៊ីម៉្មាឡិចក៏ជែងគ្រប់គ្រង លើពួកអ៊ីស្រាអែលអស់៣ឆ្នាំ
23. លំដាប់នោះព្រះទ្រង់បណ្តាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមនុស្សនៅស៊ីគែម មានគំនិតអាក្រក់ដល់គ្នាទៅវិញទៅមក ពួកមនុស្សនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់ចំពោះអ័ប៊ីម៉្មាឡិច
24. ដើម្បីឲ្យឈាមនៃពួកកូនយេរូ-បាលទាំង៧០នាក់ ដែលអ័ប៊ីម៉្មាឡិច ជាប្អូនបានសំឡាប់ដោយសាហាវ បានធ្លាក់មកលើលោក និងពួកមនុស្សនៅស៊ីគែម ដែលបានចំរើនកំឡាំងដៃលោក ឲ្យសំឡាប់បងប្អូនផង
25. ដូច្នេះ ពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។
26. គ្រានោះកាអាស ជាកូនអេបេឌ ក៏មកដល់ស៊ីគែម ជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
27. គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
28. កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែមជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះចូរអ្នករាល់គ្នាកោតខ្លាច ដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី
29. ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។
30. កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង