20. ដូច្នេះ លោកបង្គាប់ដល់យេធើ ជាកូនច្បងខ្លួនថា ចូរក្រោកឡើង សំឡាប់គេចោលទៅ តែក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ គឺព្រោះវានៅក្មេងពេក
21. ដូច្នេះ សេបាស និងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើងសំឡាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកំឡាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសំឡាប់សេបាស និងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។
22. ឯពួកសាសន៍អ៊ីស្រាអែល គេសូមដល់គេឌានថា សូមឲ្យលោកគ្រងរាជ្យលើយើងរាល់គ្នាតទៅ ដរាបដល់កូនចៅលោកផង ដ្បិតលោកបានជួយសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានហើយ
23. តែគេឌានឆ្លើយទៅគេថា ឯអញ និងកូនចៅអញ មិនត្រូវគ្រងរាជ្យលើឯងរាល់គ្នាទេ គឺជាព្រះយេហូវ៉ាទេតើ ដែលសោយរាជ្យលើឯងរាល់គ្នាវិញ
24. រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិល ដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល)
25. គេក៏ឆ្លើយឡើងថា យើងខ្ញុំនឹងជូនដល់លោកដោយស្ម័គ្រពីចិត្ត រួចគេត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលជារបឹបដែលខ្លួនចាប់បាន
26. ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក និងអាយ៉ាដក់ ហើយនឹងសំលៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ
27. ដូច្នេះ គេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន និងពួកគ្រួរបស់លោក
28. ចំណែកឯពួកម៉ាឌាន គេត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែលយ៉ាងដូច្នោះ ឥតមានងើបក្បាលឡើងទៀតឡើយ ហើយនៅជំនាន់គេឌាន ស្រុកនោះក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។
29. ឯយេរូ-បាល ជាកូនយ៉ូអាស លោកបែរទៅនៅផ្ទះដោយខ្លួន
30. លោកបង្កើតបានកូនប្រុស៧០នាក់ ដ្បិតលោកមានប្រពន្ធជាច្រើន
31. ឯប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម នាងក៏បានបង្កើតកូនប្រុស១ឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច