18. លំដាប់នោះលោកសួរសេបាស និងសាលមូន៉ាថា ពួកមនុស្សដែលឯងបានសំឡាប់នៅតាបោរនោះ តើជាយ៉ាងណា គេឆ្លើយឡើងថា អ្នកទាំងនោះប្រហែលដូចជាលោកដែរ គ្រប់គ្នាមានលំនាំឫកពារ ដូចជាកូនស្តេច
19. លោកក៏តបថា នោះគឺជាបងប្អូនពោះមួយនឹងអញហើយ ដូច្នេះ អញស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា បើសិនជាឯងបានទុកជីវិតឲ្យគេរស់នៅ នោះអញមិនសំឡាប់ឯងទេ
20. ដូច្នេះ លោកបង្គាប់ដល់យេធើ ជាកូនច្បងខ្លួនថា ចូរក្រោកឡើង សំឡាប់គេចោលទៅ តែក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ គឺព្រោះវានៅក្មេងពេក
21. ដូច្នេះ សេបាស និងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើងសំឡាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកំឡាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសំឡាប់សេបាស និងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។
22. ឯពួកសាសន៍អ៊ីស្រាអែល គេសូមដល់គេឌានថា សូមឲ្យលោកគ្រងរាជ្យលើយើងរាល់គ្នាតទៅ ដរាបដល់កូនចៅលោកផង ដ្បិតលោកបានជួយសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានហើយ