6. ឯពួកមនុស្សដែលលិទ្ធទឹកដោយក្បង់នឹងដៃ នោះមានចំនួនជា៣០០នាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទាំងអស់
7. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់គេឌានថា អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់ ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត នោះត្រូវឲ្យគេត្រឡប់ទៅឯទីកន្លែងរបស់គេវិញទៅ
8. ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារនឹងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ព នៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។
9. នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
10. តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ
11. ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកំឡាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះលោក និងពូរ៉ា ជាអ្នកបំរើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ
12. រីឯពួកម៉ាឌាន និងពួកអាម៉ាលេក ហើយនឹងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ
13. កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើលអញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ព នៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី
14. គូកនគេក៏ឆ្លើយឡើងថា នោះមិនគឺជាអ្វីទេ គឺជាដាវរបស់គេឌានជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពយើងទាំងអស់ ទៅក្នុងកណ្តាប់ដៃគេហើយ។
15. នោះក៏កើតដូច្នោះមែន កាលគេឌានបានឮរឿងនៃសប្តិនោះ និងសេចក្ដីសំរាយដូច្នេះ នោះលោកក៏ក្រាបថ្វាយបង្គំ រួចត្រឡប់មកឯទីបោះទ័ពខាងពួកអ៊ីស្រាអែលប្រាប់ថា ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ
16. លោកក៏ចែកពួក៣០០នាក់ចេញជា៣ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អម មានចន្លុះនៅខាងក្នុងផង
17. រួចបង្គាប់ថា ចូរមើលមកអញ ហើយធ្វើតាមអញចុះ គឺកាលណាអញទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យឯងធ្វើដូចជាអញ
18. គឺកាលណាអញផ្លុំត្រែឡើង ព្រមទាំងពួកអ្នកនៅជាមួយនឹងអញ នោះត្រូវឲ្យឯងរាល់គ្នាផ្លុំត្រែឡើង នៅព័ទ្ធជុំវិញទីបោះទ័ពដែរ ហើយបញ្ចេញវាចាថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ។