19. ដូច្នេះគេឌាន និងពួក១០០នាក់ដែលនៅជាមួយ ក៏មកដល់ទីបោះទ័ពខាងក្រៅបំផុត នៅវេលាចូលយាមជាកណ្តាល កាលគេទើបនឹងផ្លាស់យាម នោះក៏ផ្លុំត្រែឡើងហើយបំបែកក្អមកាន់នៅដៃ
20. ពួកទាំង៣បានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង ហើយត្រែនៅដៃស្តាំសំរាប់នឹងផ្លុំ ក៏ស្រែកឡើងថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ
21. គេក៏ឈរនឹង នៅត្រង់កន្លែងគេរៀងខ្លួន នៅព័ទ្ធជុំវិញទីបោះទ័ព ឯពួកកងទ័ពនោះក៏តាំងរត់ ទាំងស្រែកឡើង ហើយខំឲ្យរួចផង
22. នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សំឡាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត
23. នោះពួកអ៊ីស្រាអែលគេប្រមូលគ្នាពីខែត្រណែបថាលី ខែត្រអេស៊ើរ និងស្រុកម៉ាន៉ាសេទាំងមូល មកដេញតាមពួកម៉ាឌាន។