16. លោកក៏ចែកពួក៣០០នាក់ចេញជា៣ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អម មានចន្លុះនៅខាងក្នុងផង
17. រួចបង្គាប់ថា ចូរមើលមកអញ ហើយធ្វើតាមអញចុះ គឺកាលណាអញទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យឯងធ្វើដូចជាអញ
18. គឺកាលណាអញផ្លុំត្រែឡើង ព្រមទាំងពួកអ្នកនៅជាមួយនឹងអញ នោះត្រូវឲ្យឯងរាល់គ្នាផ្លុំត្រែឡើង នៅព័ទ្ធជុំវិញទីបោះទ័ពដែរ ហើយបញ្ចេញវាចាថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ។
19. ដូច្នេះគេឌាន និងពួក១០០នាក់ដែលនៅជាមួយ ក៏មកដល់ទីបោះទ័ពខាងក្រៅបំផុត នៅវេលាចូលយាមជាកណ្តាល កាលគេទើបនឹងផ្លាស់យាម នោះក៏ផ្លុំត្រែឡើងហើយបំបែកក្អមកាន់នៅដៃ
20. ពួកទាំង៣បានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង ហើយត្រែនៅដៃស្តាំសំរាប់នឹងផ្លុំ ក៏ស្រែកឡើងថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ
21. គេក៏ឈរនឹង នៅត្រង់កន្លែងគេរៀងខ្លួន នៅព័ទ្ធជុំវិញទីបោះទ័ព ឯពួកកងទ័ពនោះក៏តាំងរត់ ទាំងស្រែកឡើង ហើយខំឲ្យរួចផង
22. នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សំឡាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត
23. នោះពួកអ៊ីស្រាអែលគេប្រមូលគ្នាពីខែត្រណែបថាលី ខែត្រអេស៊ើរ និងស្រុកម៉ាន៉ាសេទាំងមូល មកដេញតាមពួកម៉ាឌាន។
24. ឯគេឌានក៏ចាត់មនុស្ស ឲ្យទៅពេញក្នុងស្រុកភ្នំអេប្រាអិម ប្រាប់ថា ចូរនាំគ្នាចុះមក ចាំស្កាត់ផ្លូវសាសន៍ម៉ាឌាន ត្រង់អស់ទាំងទីឆ្លងទន្លេយ័រដាន់ រហូតដល់បេត-បារ៉ាទៅ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មាន ក៏មូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដាន់រហូតដល់បេត-បារ៉ា
25. គេចាប់បានមេទាំង២របស់សាសន៍ម៉ាឌាន គឺអូរិប១ សៀប១ គេបានសំឡាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយសៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប ក៏ដេញតាមពួកម៉ាឌានទៅទៀត រួចនាំយកក្បាលរបស់អូរិប និងសៀបនោះមកជូនដល់គេឌាន នៅខាងទន្លេយ័រដាន់។