1. ដូច្នេះ យេរូ-បាល គឺជាគេឌាន និងពួកមនុស្សទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតក្បាលទឹកហារ៉ុឌ ឯពួកម៉ាឌានបានបោះទ័ពនៅពីខាងជើងគេ ជិតភ្នំម៉ូរេត្រង់វាលច្រកភ្នំនោះ
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅគេឌានថា ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួកម៉ាឌានមក ក្នុងកណ្តាប់ដៃគេ មិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួន ទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ
3. ដូច្នេះ ចូរប្រកាសប្រាប់ដល់ត្រចៀកបណ្តាជនថា អ្នកណាដែលមានសេចក្ដីភ័យញ័រ ចូរឲ្យអ្នកនោះវិលពីភ្នំកាឡាតត្រឡប់ទៅវិញចុះ នោះមានមនុស្សចំនួន២ម៉ឺន២ពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែ១ម៉ឺននាក់ប៉ុណ្ណោះ
4. រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា បណ្តាមនុស្សនៅតែច្រើនពេកនៅឡើយ ដូច្នេះ ចូរនាំគេចុះទៅឯទឹកទៅ អញនឹងល្បងលគេឲ្យឯង អ្នកណាខ្លះដែលអញប្រាប់ឯងថា នេះត្រូវទៅជាមួយនឹងឯង គឺអ្នកនោះហើយដែលត្រូវទៅ ឯអ្នកណាដែលអញប្រាប់ឯងថា នេះមិនត្រូវទៅជាមួយទេ អ្នកនោះឯងត្រូវនៅវិញ
5. ដូច្នេះ លោកក៏នាំគេចុះទៅឯទឹក រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ថា បណ្តាអស់អ្នកណាដែលលិទ្ធទឹកនឹងអណ្តាតដូចជាឆ្កែ នោះត្រូវដាក់ទុកនៅដោយខ្លួន ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវដាក់ដោយខ្លួនដែរ
6. ឯពួកមនុស្សដែលលិទ្ធទឹកដោយក្បង់នឹងដៃ នោះមានចំនួនជា៣០០នាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទាំងអស់
7. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់គេឌានថា អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់ ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត នោះត្រូវឲ្យគេត្រឡប់ទៅឯទីកន្លែងរបស់គេវិញទៅ
8. ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារនឹងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ព នៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។
9. នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
10. តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ
11. ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកំឡាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះលោក និងពូរ៉ា ជាអ្នកបំរើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ
12. រីឯពួកម៉ាឌាន និងពួកអាម៉ាលេក ហើយនឹងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ
13. កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើលអញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ព នៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី