24. នោះគេឌានក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
25. នៅវេលាយប់នោះឯង ព្រះយេហូវ៉ា ទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង
26. រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ
27. ដូច្នេះ គេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន និងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។
28. កាលពួកមនុស្សនៅទីក្រុង បានក្រោកឡើងពីព្រលឹម ឃើញអាសនានៃព្រះបាលបានរលំហើយ ឯអ្នកតាក៏បានកាប់ចោលផង ហើយគោទី២បានថ្វាយនៅលើអាសនាដែលបានស្អាងឡើង
29. នោះគេនិយាយគ្នាទៅវិញទៅមកថា តើអ្នកណាបានធ្វើនេះ គេក៏ស៊ើបសួររក រួចមានគេប្រាប់ថា គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនោះ
30. ដូច្នេះពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនានៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង
31. យ៉ូអាសក៏ឆ្លើយទៅអស់អ្នកដែលមកទាស់នឹងគាត់ថា តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឲ្យអ្នកនោះត្រូវស្លាប់វិញឥឡូវ មុនដែលថ្ងៃរះផង បើនេះជាព្រះពិត នោះចូរឲ្យវាតវ៉ាដោយខ្លួនវាចុះ ដោយព្រោះគេបានរំលំអាសនាហើយ
32. ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។
33. គ្រានោះពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន និងពួកអាម៉ាលេក ព្រមទាំងពួកមនុស្សនៅស្រុកខាងកើត ក៏មូលគ្នាឆ្លងទន្លេ មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល
34. នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់យាងមកសណ្ឋិតលើគេឌាន លោកក៏ផ្លុំត្រែឡើង នោះពួកអ័បៀស៊ើរក៏មូលគ្នាមកតាមលោក
35. រួចលោកចាត់មនុស្សឲ្យទៅគ្រប់ក្នុងស្រុកម៉ាន៉ាសេ គេក៏មូលគ្នាមកតាមលោកដែរ រួចគាត់ចាត់មនុស្សឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូល៉ូន និងពួកណែបថាលីទៀត គេក៏មូលមកឯលោកទាំងអស់គ្នា។
36. ស្រេចហើយ គេឌានទូលដល់ព្រះថា បើសិនជាព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំដូចជាទ្រង់បានមានព្រះបន្ទូលហើយ
37. នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះ បើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានព្រះបន្ទូលហើយ
38. នោះក៏កើតមានដូច្នោះ លុះថ្ងៃស្អែកឡើង លោកក្រោកពីព្រលឹមទៅច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញ១ចាន
39. រួចគេឌានទូលទៅព្រះថា សូមទ្រង់កុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងទូលតែម្តងណេះទេ គឺសូមឲ្យទូលបង្គំសាកដោយរោមចៀមនេះម្តងទៀត សូមឲ្យតែរោមចៀមនេះបានស្ងួតទៅ ហើយឲ្យដីមានទឹកសន្សើមវិញ