20. នោះទេវតានៃព្រះក៏មានព្រះបន្ទូលប្រាប់ថា ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ
21. រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ
22. គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ា នៅប្រទល់មុខ
23. ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ
24. នោះគេឌានក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
25. នៅវេលាយប់នោះឯង ព្រះយេហូវ៉ា ទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង
26. រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ
27. ដូច្នេះ គេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន និងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។
28. កាលពួកមនុស្សនៅទីក្រុង បានក្រោកឡើងពីព្រលឹម ឃើញអាសនានៃព្រះបាលបានរលំហើយ ឯអ្នកតាក៏បានកាប់ចោលផង ហើយគោទី២បានថ្វាយនៅលើអាសនាដែលបានស្អាងឡើង
29. នោះគេនិយាយគ្នាទៅវិញទៅមកថា តើអ្នកណាបានធ្វើនេះ គេក៏ស៊ើបសួររក រួចមានគេប្រាប់ថា គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនោះ
30. ដូច្នេះពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនានៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង
31. យ៉ូអាសក៏ឆ្លើយទៅអស់អ្នកដែលមកទាស់នឹងគាត់ថា តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឲ្យអ្នកនោះត្រូវស្លាប់វិញឥឡូវ មុនដែលថ្ងៃរះផង បើនេះជាព្រះពិត នោះចូរឲ្យវាតវ៉ាដោយខ្លួនវាចុះ ដោយព្រោះគេបានរំលំអាសនាហើយ
32. ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។