17. លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានព្រះបន្ទូលនឹងទូលបង្គំពិតមែន
18. សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។
19. ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ និងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ
20. នោះទេវតានៃព្រះក៏មានព្រះបន្ទូលប្រាប់ថា ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ
21. រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ
22. គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ា នៅប្រទល់មុខ
23. ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ
24. នោះគេឌានក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។