1. រួចមកពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃ នៃសាសន៍ម៉ាឌានអស់៧ឆ្នាំ
2. ពួកសាសន៍ម៉ាឌានក៏មានកំឡាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ និងរអាង ហើយនឹងទីមាំមួនសំរាប់ខ្លួន
3. រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក និងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់
4. គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ក៏បំផ្លាញអស់ទាំងផលកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណា ឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី
5. ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងត្រសាលរបស់គេមកដែរ គឺចូលមកមានគ្នាសន្ធឹកដូចជាកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គេមកប្រយោជន៍តែនឹងបំផ្លាញស្រុកប៉ុណ្ណោះ
6. ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះ គេអំពាវនាវដល់ព្រះយេហូវ៉ា។
7. កាលពួកកូនចៅអ៊ីស្រាអែល បានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន
8. នោះទ្រង់ក៏ចាត់ហោរាម្នាក់មកឯគេ ប្រាប់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបំរើមក
9. អញបានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃអស់អ្នកដែលសង្កត់សង្កិនឯង ក៏បានបណ្តេញគេពីមុខឯងចេញទៅ ហើយបានឲ្យស្រុករបស់គេមកឯងរាល់គ្នាវិញ
10. អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។