10. ឱអ្នករាល់គ្នាដែលជិះលាស និងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ
11. នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។
12. ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ
13. គ្រានោះ ពួកសំណល់នៃបណ្តាជន បានឈ្នះពួកខ្លាំងពូកែ ព្រះយេហូវ៉ាទ្រង់បានយាងចុះមកច្បាំងជំនួសខ្ញុំ ទាស់នឹងពួកស្ទាត់ជំនាញ
14. មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក
15. ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ ក៏នៅជាមួយនឹងដេបូរ៉ា ហើយពួកអ៊ីសាខារបានតាមបារ៉ាកដែរ គេបានទទួលបង្គាប់ចុះទៅក្នុងច្រកភ្នំតាមដានជើងលោក រីឯពួករូបេន នៅត្រង់ជ្រោះទឹក នោះមានចិត្តនឹកសំរេចការយ៉ាងធំ
16. ហេតុអ្វីបានជាឯងនៅតែក្នុងក្រោលចៀម និងស្តាប់សូរហ្វូងសត្វយំដូច្នេះ នៅត្រង់ជ្រោះទឹករបស់ពួករូបេន នោះគេមានសេចក្ដីនឹកពិចារណាក្នុងចិត្តយ៉ាងធំ
17. ឯពួកកាឡាតគេបាននៅតែខាងនាយទន្លេយ័រដាន់ ហើយដាន់ ហេតុអ្វីបានជាគេនៅតែក្នុងនាវាដូច្នេះ ពួកអេស៊ើរក៏បានអង្គុយនៅតែនឹងមាត់សមុទ្រ ហើយតាមស្ទឹងរបស់គេផង
18. គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ និងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។
19. ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណានគេមកច្បាំងនៅត្អាណាក ជិតទឹកមេគីដោ តែគេមិនបានយករបឹបដ៏មានដំឡៃអ្វីសោះ
20. ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ
21. ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់ គឺស្ទឹងគីសុន ជាស្ទឹងពីចាស់បុរាណនោះ ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកំឡាំងដ៏ខ្លាំង
22. គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ
23. ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នកដែលនៅស្រុកនោះ ជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ
24. យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង
25. លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក
26. នាងបានលូកដៃទៅចាប់យកចំរ៉ឹង ហើយដៃស្តាំចាប់យកញញួររបស់ពួកជាង រួចបានវាយស៊ីសេរ៉ានឹងញញួរនោះ គឺបានវាយធ្លុះក្បាលលោក នាងវាយទំលុះត្រង់តើក
27. លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។