4. រីឯនៅវេលានោះ មានស្ត្រី ជាហោរាម្នាក់ ឈ្មោះដេបូរ៉ា ជាប្រពន្ធឡាពិដូត នាងបានជំនុំជំរះរឿងរ៉ាវរបស់សាសន៍អ៊ីស្រាអែល
5. នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជំរះរឿងគេ
6. នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី និងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ
7. នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនឹងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង
8. បារ៉ាកឆ្លើយតបថា បើលោកស្រីអញ្ជើញទៅជាមួយនឹងខ្ញុំផង នោះទើបខ្ញុំទៅ តែបើលោកមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំក៏មិនទៅដែរ
9. នាងឆ្លើយថា ដូច្នេះខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ប៉ុន្តែ អ្នកនឹងគ្មានឈ្មោះដោយដំណើរដែលអ្នកទៅនោះទេ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងលក់ស៊ីសេរ៉ា ទៅក្នុងកណ្តាប់ដៃរបស់ស្ត្រីវិញ រួចដេបូរ៉ាក៏ក្រោកឡើង ទៅជាមួយនឹងបារ៉ាក ដល់កេដេស
10. នោះបារ៉ាកក៏ហៅប្រជុំពួកសាប់យូល៉ូន និងពួកណែបថាលីទាំងប៉ុន្មាននៅត្រង់កេដេស ពេលនោះ មានមនុស្សចំនួន១ម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
11. រីឯហេប៊ើរ ជាសាសន៍កែន ដែលជាពួកកូនចៅហូបាប់ ជាឪពុកក្មេកម៉ូសេ គេបានឃ្លាតចេញពីពួកសាសន៍កែន មកដំឡើងត្រសាលនៅត្រឹមដើមម៉ៃសាក់ស្អាណានីម ដែលនៅជិតកេដេស។
12. ខណៈនោះមានគេទៅជំរាបស៊ីសេរ៉ាថា បារ៉ាកជាកូនអ័ប៊ីណោមបានលើកទ័ព ឡើងទៅឯភ្នំតាបោរហើយ
13. នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន
14. ឯដេបូរ៉ានាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ា ទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះបារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ
15. ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា និងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ