8. ហេតុនោះបានជាព្រះយេហូវ៉ាកើតមានសេចក្ដីខ្ញាល់នឹងសាសន៍អ៊ីស្រាអែល ទ្រង់លក់គេទៅក្នុងកណ្តាប់ដៃនៃគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះអស់៨ឆ្នាំ
9. រួចកាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ ដែលបានជួយឲ្យរួច គឺជាអូធ្នាល ជាកូនកេណាស ដែលជាប្អូនកាលែប
10. ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកសាសន៍អ៊ីស្រាអែល លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាថែមទៅ
11. ដូច្នេះ ស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ រួចមកអូធ្នាលជាកូនកេណាសបានស្លាប់ទៅ។
12. លុះក្រោយមក ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត រួចព្រះយេហូវ៉ាទ្រង់បានចំរើនកំឡាំងដល់អេក្លុន ជាស្តេចស្រុកម៉ូអាប់ឲ្យទាស់នឹងអ៊ីស្រាអែល ពីព្រោះគេបានប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់នៅព្រះនេត្រទ្រង់
13. ស្តេចនោះក៏ប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាលេកមក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយចាប់យកបានទីក្រុងដើមលម៉ើរបស់គេ
14. ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះអស់១៨ឆ្នាំ
15. តែកាលគេបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់តាំងឲ្យមានអ្នក១ ជាអ្នកជួយសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ាក្នុងពូជអំបូរបេនយ៉ាមីន ដែលជាអ្នកប្រើការខាងដៃឆ្វេង ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះ ដោយសារលោក
16. ឯអេហ៊ុឌ លោកធ្វើកាំបិត១ មានមុខពីរ ប្រវែង១ហត្ថសំរាប់ខ្លួន ហើយសៀតភ្ជាប់នៅចង្កេះខាងស្តាំត្រង់ក្រោមអាវ
17. លោកក៏ចូលទៅថ្វាយសួយអាករដល់អេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯអេក្លុន នោះជាមនុស្សធាត់ខ្លាំងណាស់)
18. កាលបានថ្វាយសួយអាករជាស្រេច នោះក៏នាំគ្នាទៅដល់ត្រឹមកន្លែងដាប់ថ្ម ដែលនៅជិតគីលកាល
19. រួចលោកឲ្យពួកអ្នកដែលកាន់នាំសួយអាករមក ត្រឡប់ទៅស្រុកវិញ តែឯខ្លួនលោកៗវិលចូលមកឯស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំមានការយ៉ាងសំងាត់នឹងទូលដល់ទ្រង់ ដូច្នេះស្តេចទ្រង់ក៏បង្គាប់ថា ចូរស្ងៀមសិន រួចអស់អ្នកដែលឈរជិតក៏នាំគ្នាចេញទៅក្រៅអស់ទៅ
20. ឯស្តេចទ្រង់គង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសំរាប់លំហើយអង្គ លំដាប់នោះអេហ៊ុឌក៏ចូលទៅជិតទ្រង់ទូលថា ទូលបង្គំមានព្រះបន្ទូលនៃព្រះ សំរាប់នឹងទូលដល់ទ្រង់ ស្តេចក៏ក្រោកចាកពីព្រះទែនឡើង