19. រួចលោកឲ្យពួកអ្នកដែលកាន់នាំសួយអាករមក ត្រឡប់ទៅស្រុកវិញ តែឯខ្លួនលោកៗវិលចូលមកឯស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំមានការយ៉ាងសំងាត់នឹងទូលដល់ទ្រង់ ដូច្នេះស្តេចទ្រង់ក៏បង្គាប់ថា ចូរស្ងៀមសិន រួចអស់អ្នកដែលឈរជិតក៏នាំគ្នាចេញទៅក្រៅអស់ទៅ
20. ឯស្តេចទ្រង់គង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសំរាប់លំហើយអង្គ លំដាប់នោះអេហ៊ុឌក៏ចូលទៅជិតទ្រង់ទូលថា ទូលបង្គំមានព្រះបន្ទូលនៃព្រះ សំរាប់នឹងទូលដល់ទ្រង់ ស្តេចក៏ក្រោកចាកពីព្រះទែនឡើង
21. នោះអេហ៊ុឌក៏លូកដៃឆ្វេងទៅ ដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះនៃស្តេច
22. ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែធ្លុះចេញទៅខាងក្រោយ រួចខ្លាញ់បិទភ្ជិតទាំងអស់ទៅ លោកឥតបានដកកាំបិតចេញពីពោះស្តេចឡើយ
23. ស្រេចហើយក៏ចេញមកឯរានខាងមុខ រួចបិទទ្វារបន្ទប់ខាងលើនោះចាក់សោភ្ជិតទៅ។
24. កាលលោកបានចេញទៅបាត់ហើយ នោះពួកគាល់ហ្វៅរបស់ស្តេចមកឃើញទ្វារចាក់សោជិតដូច្នោះ ក៏គិតថា ប្រាកដជាទ្រង់ផ្ទំនៅក្នុងបន្ទប់នោះហើយ
25. រួចគេនៅចាំទាល់តែមានសេចក្ដីអៀនខ្មាសដល់ខ្លួន តែទ្រង់មិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ នោះឃើញម្ចាស់របស់គេ ទ្រង់សុគតនៅលើឥដ្ឋហើយ។
26. ឯអេហ៊ុឌ លោកបានរត់រួចទៅ កំពុងដែលអ្នកទាំងនោះនៅរារង់បង្អង់ចាំ ក៏បានទៅហួសពីកន្លែងដាប់ថ្មនោះ ចូលទៅដល់សៃរ៉ា
27. លុះដល់ហើយ នោះលោកផ្លុំត្រែឡើងនៅក្នុងស្រុកភ្នំអេប្រាអិម ឯពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយ មានលោកជាអ្នកនាំមុខគេ
28. លោកបង្គាប់ថា ចូរមកតាមខ្ញុំចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍ម៉ូអាប់ជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ ដូច្នេះ គេក៏ចុះតាមលោកទៅ ចាប់យកទីឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ឥតបើកឲ្យអ្នកណាមួយឆ្លងសោះឡើយ
29. នៅវេលានោះគេប្រហារជីវិតសាសន៍ម៉ូអាប់ អស់ប្រហែលជា១ម៉ឺននាក់សុទ្ធតែជាមនុស្សក្លាហានហើយស្ទាត់ជំនាញគ្រប់គ្នា គ្មានអ្នកណាមួយរួចឡើយ
30. ដូច្នេះ សាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចនៃពួកអ៊ីស្រាអែល នៅថ្ងៃនោះឯងវិញ នោះស្រុកក៏បានសុខសាន្តត្រាណអស់៨០ឆ្នាំ។