7. ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេ ដែលនៅសល់បាន ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ។
8. ដូច្នេះ គេសួរថា ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន តើមានពួកណាមិនបានឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ា នោះឃើញថា គ្មានអ្នកណាបានឡើងមកពីយ៉ាបេស-កាឡាត ដើម្បីនឹងប្រជុំក្នុងពួកជំនុំទេ
9. ដ្បិតកាលគេបានរាប់បណ្តាជនទៅ នោះមិនឃើញអ្នកណាពីពួកយ៉ាបេស-កាឡាតណាមួយបាននៅទីនោះសោះ
10. ដូច្នេះពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសំឡាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ និងពួកក្មេងផង
11. ត្រូវឲ្យអ្នករាល់គ្នាធ្វើដូច្នេះ គឺត្រូវសំឡាប់ពួកប្រុសៗទាំងអស់ទៅ ព្រមទាំងពួកស្រីៗដែលបានស្គាល់ប្រុសហើយផង
12. ក្នុងពួកអ្នកនៅយ៉ាបេស-កាឡាត នោះឃើញមានស្រីក្រមុំ៤០០នាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីទាំងនោះ មកឯទីដំឡើងត្រសាល នៅត្រង់ស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។
13. នោះពួកជំនុំទាំងអស់គ្នា ក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក
14. ដូច្នេះពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញនៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅ ក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះ ឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ
15. ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
16. ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ
17. គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នក ដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ