2. គេក៏មកដល់បេត-អែល អង្គុយនៅទីនោះចំពោះព្រះ ដរាបដល់ល្ងាច ព្រមទាំងបន្លឺសំឡេងយំជាខ្លាំងថា
3. ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ហេតុអ្វីបានជាសេចក្ដីនេះកើតមកក្នុងសាសន៍អ៊ីស្រាអែល ឲ្យត្រូវបាត់ពូជអំបូរ១ក្នុងសាសន៍យើងខ្ញុំនៅថ្ងៃនេះដូច្នេះ
4. ដល់ថ្ងៃស្អែកគេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត និងដង្វាយមេត្រី
5. នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ
6. ហើយពួកកូនចៅអ៊ីស្រាអែល ក៏នឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនគេ ដោយពាក្យថា នៅថ្ងៃនេះ ពូជអំបូរមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ
7. ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេ ដែលនៅសល់បាន ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ។
8. ដូច្នេះ គេសួរថា ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន តើមានពួកណាមិនបានឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ា នោះឃើញថា គ្មានអ្នកណាបានឡើងមកពីយ៉ាបេស-កាឡាត ដើម្បីនឹងប្រជុំក្នុងពួកជំនុំទេ
9. ដ្បិតកាលគេបានរាប់បណ្តាជនទៅ នោះមិនឃើញអ្នកណាពីពួកយ៉ាបេស-កាឡាតណាមួយបាននៅទីនោះសោះ
10. ដូច្នេះពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសំឡាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ និងពួកក្មេងផង
11. ត្រូវឲ្យអ្នករាល់គ្នាធ្វើដូច្នេះ គឺត្រូវសំឡាប់ពួកប្រុសៗទាំងអស់ទៅ ព្រមទាំងពួកស្រីៗដែលបានស្គាល់ប្រុសហើយផង