14. ដូច្នេះពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញនៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅ ក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះ ឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ
15. ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
16. ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ
17. គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នក ដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ
18. ប៉ុន្តែខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន)
19. រួចគេប្រាប់ថា មើល រាល់តែឆ្នាំគេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលនៅខាងជើងបេត-អែល ហើយខាងកើតផ្លូវ ដែលឡើងពីបេត-អែលទៅឯស៊ីគែម និងខាងត្បូងល្បូណា
20. ដូច្នេះគេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចំការទំពាំងបាយជូរទៅ
21. ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ
22. បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នា ដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន
23. ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង
24. នៅគ្រានោះពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ និងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។