36. ដូច្នេះពួកកូនចៅបេនយ៉ាមីន ក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ
37. ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេដំរង់ទៅមុខ វាយសំឡាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ
38. ឯបណ្តាពួកទ័ព និងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសំគាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង
39. ដូច្នេះ ពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន
40. តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីន គេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ
41. នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្ដីអន្តរាយមកដល់គេហើយ
42. ដូច្នេះ គេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល
43. គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត
44. នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន
45. រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសំឡាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសំឡាប់បាន២ពាន់នាក់ថែមទៀត
46. បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា
47. ប៉ុន្តែ មាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ
48. រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សំឡាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសំឡាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ និងពួកសត្វ ហើយនឹងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។