23. ឯពួកកូនចៅអ៊ីស្រាអែល ក៏ឡើងទៅយំនៅចំពោះព្រះយេហូវ៉ា រហូតដល់ល្ងាច ទាំងទូលសួរទ្រង់ថា តើត្រូវឲ្យទូលបង្គំចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនជាបងប្អូនទូលបង្គំម្តងទៀតឬទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅច្បាំងនឹងគេចុះ។
24. ពួកកូនចៅអ៊ីស្រាអែល ក៏ចូលទៅជិតទីពួកកូនចៅបេនយ៉ាមីននៅថ្ងៃទី២
25. ហើយនៅថ្ងៃនោះឯង ពួកបេនយ៉ាមីន បានចេញពីគីបៀរមកតតាំងគ្នា គេបំផ្លាញពួកកូនចៅអ៊ីស្រាអែល អស់ចំនួន១ម៉ឺន៨ពាន់នាក់ ឲ្យនៅចង្គ្រាងលើដី ពួកទាំងនោះសុទ្ធតែជាអ្នកកាន់ដាវ
26. នោះពួកកូនចៅអ៊ីស្រាអែល និងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយដង្វាយដុត និងដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ
27. រួចគេទូលសួរដល់ព្រះយេហូវ៉ា (ដ្បិតក្នុងគ្រានោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះក៏នៅទីនោះ
28. ហើយភីនេហាសជាកូនអេលាសារ ជាពូជអើរ៉ុន លោកឈរនៅមុខហឹបនៅជាន់នោះដែរ) គឺគេសួរថា តើត្រូវឲ្យទូលបង្គំចេញទៅតតាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនទូលបង្គំម្តងទៀតឬត្រូវឈប់វិញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែកនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ។
29. ពួកអ៊ីស្រាអែលគេបង្កប់ទ័ព នៅព័ទ្ធជុំវិញគីបៀរ
30. រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីន នៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន
31. ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសំឡាប់ពួកអ៊ីស្រាអែល ដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ និងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង
32. ដូច្នេះពួកកូនចៅបេនយ៉ាមីននិយាយគ្នាថា យើងវាយសំឡាប់គេបានដូចជាន់មុនទៀត តែពួកកូនចៅអ៊ីស្រាអែលនិយាយប្រាប់គ្នាថា ចូរយើងរត់នាំប្រទាញគេមកក្នុងផ្លូវឃ្លាតឆ្ងាយពីទីក្រុងទៅ