2. ឯពួកមេទ័ពក្នុងបណ្តាជនទាំងប៉ុន្មាន គឺជាមេទ័ពនៃពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ គេក៏ចេញមុខឡើង ក្នុងជំនុំពួកបណ្តាជននៃព្រះ មានពលថ្មើរជើង ដែលកាន់ដាវ៤សែននាក់
3. (រីឯពួកកូនចៅបេនយ៉ាមីន គេក៏ឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ាដែរ) ពួកកូនចៅអ៊ីស្រាអែលសួរថា សូមប្រាប់ឲ្យយើងដឹង ជាអំពើដ៏លាមកនេះបានកើតមកជាយ៉ាងណា
4. នោះពួកលេវីជាប្ដីនាង ដែលគេបានសំឡាប់នោះ គាត់ឆ្លើយថា ខ្ញុំនឹងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ
5. ស្រាប់តែពួកមនុស្សនៅគីបៀរ គេលើកគ្នាទាំងយប់ មកព័ទ្ធផ្ទះដែលខ្ញុំនៅ ទាស់នឹងខ្ញុំ គេគិតសំឡាប់ខ្ញុំ ក៏បានចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយនាងបានស្លាប់ទៅ
6. ដូច្នោះហើយ ខ្ញុំបានយកខ្មោចនាងមក កាត់ជាកំណាត់ៗផ្ញើទៅគ្រប់ក្នុងស្រុក ដែលជាមរដករបស់សាសន៍អ៊ីស្រាអែល ដោយព្រោះការប្រព្រឹត្តដ៏អាសអាភាស ហើយលាមករបស់គេក្នុងពួកអ៊ីស្រាអែលយើងនេះ
7. ដូច្នេះអ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសំរេចសេចក្ដីចុះ។
8. គ្រានោះ មនុស្សទាំងឡាយក៏ក្រោកឡើងព្រមគ្នា ដូចជាមនុស្សតែម្នាក់ ដោយពាក្យថា ក្នុងពួកយើងគ្មានអ្នកណាមួយ នឹងត្រឡប់ទៅទីលំនៅខ្លួន ឬចូលទៅក្នុងផ្ទះខ្លួនវិញឡើយ
9. គឺយើងនឹងធ្វើដល់ពួកគីបៀរយ៉ាងដូច្នេះ យើងនឹងឡើងទៅទាស់នឹងគេ ដោយចាប់ឆ្នោត
10. យើងនឹងយក១០នាក់ក្នុង១០០ ហើយ១០០នាក់ក្នុង១ពាន់ និង១ពាន់នាក់ក្នុង១ម៉ឺន ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសំរាប់យើង ប្រយោជន៍ឲ្យយើងទៅធ្វើដល់ពួកគីបៀរ របស់ពួកបេនយ៉ាមីន តាមអំពើដ៏លាមកទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែលយើងនេះ
11. ដូច្នេះពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មូលគ្នា ដូចជាមនុស្សតែម្នាក់ ទាស់នឹងទីក្រុងនោះ។
12. ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចាត់សារឲ្យទៅគ្រប់ក្នុងពូជអំបូរបេនយ៉ាមីនសួរថា តើអំពើអាក្រក់យ៉ាងណានេះ ដែលបានកើតមកក្នុងពួកអ្នករាល់គ្នា
13. ដូច្នេះ ចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសំឡាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីន មិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនគេទេ
14. ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល
15. នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា
16. ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។
17. ឯពួកអ៊ីស្រាអែល ដែលក្រៅពីពួកបេនយ៉ាមីននោះមាន៤សែននាក់ដែលកាន់ដាវ សុទ្ធតែជាមនុស្សស្ទាត់ចំបាំង
18. ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើង ដើរទៅឯបេត-អែល ដើម្បីនឹងទូលសួរដល់ព្រះថា ក្នុងពួកយើងខ្ញុំរាល់គ្នា តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឲ្យពួកយូដាទៅមុនគេចុះ។
19. ដូច្នេះ ពួកកូនចៅអ៊ីស្រាអែល ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទាស់នឹងគីបៀរ