ចៅហ្វាយ 2:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ‌បាល

12. គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ​ផង ហើយ​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់

13. គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ

14. ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ

15. នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។

16. ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ

17. ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​អយ្យកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ

18. កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ចៅ‌ហ្វាយ​ដល់​គេ នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​ចៅ‌ហ្វាយ​នោះ ហើយ​បាន​ជួយ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ខ្មាំង​សត្រូវ នៅ​គ្រប់​១​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​អាណិត‌អាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ

19. តែ​លុះ​កាល​ចៅ‌ហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​អយ្យកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ

20. នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា បាន​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​សាសន៍​នេះ​បាន​រំលង​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​អយ្យកោ​គេ ហើយ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ

21. បាន​ជា​ពី​នេះ​ទៅ​មុខ អញ​លែង​បណ្តេញ​សាសន៍​ណា​មួយ ដែល​យ៉ូស្វេ​បាន​ទុក​ពី​កាល​ស្លាប់​ទៅ​នោះ ចេញ​ពី​មុខ​គេ​ឡើយ

22. ដើម្បី​ឲ្យ​អញ​បាន​ល្បង​ល​អ៊ីស្រា‌អែល​មើល បើ​គេ​នឹង​ខំ​ប្រឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​អយ្យកោ​គេ​បាន​កាន់​តាម​ឬ​ទេ

23. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​សាសន៍​ទាំង​នោះ​វិញ ឥត​បណ្តេញ​ទៅ​យ៉ាង​រហ័ស​ទេ ក៏​មិន​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​យ៉ូស្វេ​ដែរ។

ចៅហ្វាយ 2