10. អស់ទាំងមនុស្សនៅដំណនោះ ក៏បានមូលទៅជួបជុំនឹងពួកអយ្យកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។
11. នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល
12. គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក បែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង ហើយបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់
13. គេបានបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ
14. ដូច្នេះ ព្រះយេហូវ៉ាក៏កើតមានសេចក្ដីខ្ញាល់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ក៏លក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ដែលនៅជុំវិញដែរ ដល់ម៉្លេះបានជាគេពុំអាចនឹងទប់ទល់ នៅមុខពួកខ្មាំងសត្រូវបានឡើយ
15. នៅកន្លែងណាដែលគេចេញទៅ នោះព្រះហស្តនៃព្រះយេហូវ៉ាចេះតែទាស់នឹងគេជាដរាប ឲ្យគេបានសេចក្ដីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ ក៏ដូចជាព្រះយេហូវ៉ាបានស្បថនឹងគេដែរ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។
16. ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ