ចៅហ្វាយ 2:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​គីល‌កាល មក​ដល់​បូគីម​ប្រាប់​ថា អញ​បាន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង អញ​ក៏​បាន​សន្យា​ថា អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញ​ចំពោះ​ឯង​រាល់​គ្នា​ទេ

2. ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នេះ​ឡើយ គឺ​ត្រូវ​រំលំ​អស់​ទាំង​អាសនា​របស់​គេ​ចេញ តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​អញ​សោះ ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ដូច្នេះ

3. គឺ​ហេតុ​នោះ​បាន​ជា​អញ​ថា អញ​មិន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទេ គេ​នឹង​បាន​ដូច​ជា​បន្លា​ចាក់​នៅ​ចំហៀង​ឯង​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​បាន​ជា​អន្ទាក់​ដល់​ឯង

4. កាល​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ប្រាប់​សេចក្ដី​ទាំង​ប៉ុន្មាន​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្រេច​ហើយ នោះ​គេ​ក៏​ឡើង​សំឡេង​យំ

5. បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នោះ។

6. រីឯ​យ៉ូស្វេ កាល​លោក​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ នោះ​គេ​ក៏​ទៅ​ទទួល​យក​ស្រុក​ជា​មរដក​របស់​គេ​រៀង​ខ្លួន

7. ពួក​បណ្តា‌ជន​ក៏​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ និង​ពួក​ចាស់‌ទុំ​ដែល​រស់​នៅ​ក្រោយ​លោក​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំង​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​សំរេច​ឲ្យ​ពួក​អ៊ីស្រា‌អែល

8. យ៉ូស្វេ កូន​នុន ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​ស្លាប់​ទៅ ក្នុង​ជំនាន់​អាយុ​បាន​១១០​ឆ្នាំ

9. រួច​គេ​បញ្ចុះ​សព​លោក​ត្រង់​ព្រំ​ដី ជា​មរដក​របស់​លោក​នៅ​ធីម៉្នាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នា​ខាង​ជើង​ភ្នំ​កាអាស​ទៅ

10. អស់​ទាំង​មនុស្ស​នៅ​ដំណ​នោះ ក៏​បាន​មូល​ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ​គេ​គ្រប់​គ្នា​ដែរ ហើយ​កើត​មាន​មនុស្ស​១​ដំណ​ទៀត ក្រោយ​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សំរេច​ដល់​ពួក​អ៊ីស្រា‌អែល​ទេ។

11. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ‌បាល

12. គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ​ផង ហើយ​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់

13. គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ

14. ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ

15. នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។

16. ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ

17. ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​អយ្យកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ

ចៅហ្វាយ 2