1. នៅគ្រានោះ ទេវតានៃព្រះយេហូវ៉ា បានឡើងពីគីលកាល មកដល់បូគីមប្រាប់ថា អញបានធ្វើឲ្យឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុក ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯង អញក៏បានសន្យាថា អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញចំពោះឯងរាល់គ្នាទេ
2. ឯឯងរាល់គ្នា មិនត្រូវឲ្យតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនេះឡើយ គឺត្រូវរំលំអស់ទាំងអាសនារបស់គេចេញ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ ហេតុអ្វីបានជាប្រព្រឹត្តដូច្នេះ
3. គឺហេតុនោះបានជាអញថា អញមិនបណ្តេញគេពីមុខឯងចេញទេ គេនឹងបានដូចជាបន្លាចាក់នៅចំហៀងឯងវិញ ហើយព្រះទាំងប៉ុន្មានរបស់គេ នឹងបានជាអន្ទាក់ដល់ឯង
4. កាលទេវតានៃព្រះយេហូវ៉ា បានប្រាប់សេចក្ដីទាំងប៉ុន្មាននេះ ដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែលស្រេចហើយ នោះគេក៏ឡើងសំឡេងយំ
5. បានជាគេហៅកន្លែងនោះថា បូគីម រួចគេនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា នៅទីនោះ។
6. រីឯយ៉ូស្វេ កាលលោកបានឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅ នោះគេក៏ទៅទទួលយកស្រុកជាមរដករបស់គេរៀងខ្លួន
7. ពួកបណ្តាជនក៏គោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ និងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសំរេចឲ្យពួកអ៊ីស្រាអែល
8. យ៉ូស្វេ កូននុន ជាអ្នកបំរើនៃព្រះយេហូវ៉ា លោកក៏ស្លាប់ទៅ ក្នុងជំនាន់អាយុបាន១១០ឆ្នាំ
9. រួចគេបញ្ចុះសពលោកត្រង់ព្រំដី ជាមរដករបស់លោកនៅធីម៉្នាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម នាខាងជើងភ្នំកាអាសទៅ
10. អស់ទាំងមនុស្សនៅដំណនោះ ក៏បានមូលទៅជួបជុំនឹងពួកអយ្យកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។
11. នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល