15. ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
16. ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
17. គាត់ងើបភ្នែកឡើងឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា
18. គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទ ឲ្យចូលក្នុងផ្ទះសោះ
19. ខ្ញុំប្របាទមានចំបើង និងស្មៅសំរាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសំរាប់ខ្លួន និងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះ ដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ
20. អ្នកនោះឆ្លើយឡើងថា សូមឲ្យអ្នកបានសេចក្ដីសុខសាន្តចុះ តែសូមឲ្យគ្រប់របស់ដែលអ្នកត្រូវការបានជាភារៈលើខ្ញុំវិញ កុំឲ្យតែដេកនៅផ្លូវឡើយ
21. ដូច្នេះ អ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។
22. រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា
23. ដូច្នេះម្ចាស់ផ្ទះក៏ចេញទៅអង្វរថា ទេបងប្អូនអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ កុំឲ្យប្រព្រឹត្តការដ៏លាមកយ៉ាងនេះឲ្យសោះ
24. មើល នេះនែកូនក្រមុំរបស់ខ្ញុំ និងប្រពន្ធរបស់អ្នកនេះ ខ្ញុំនឹងនាំចេញមកឥឡូវ ឲ្យអ្នករាល់គ្នាបានបន្ទាបនាងចុះ ហើយប្រព្រឹត្តនឹងនាងតាមតែចិត្ត សូមកុំឲ្យតែប្រព្រឹត្តអំពើដ៏លាមកដល់ម៉្លេះនឹងមនុស្សនេះឡើយ
25. ប៉ុន្តែ មនុស្សទាំងនោះមិនព្រមស្តាប់គាត់ទេ បានជាប្ដីរបស់នាងនោះ គាត់នាំនាងចេញទៅប្រគល់ឲ្យគេទៅ រួចគេក៏ស្គាល់នាងគ្រប់គ្នា ហើយធ្វើបាបនាងទាល់តែភ្លឺ ទើបលែងឲ្យមកវិញ
26. ដូច្នេះកាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។
27. លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ
28. គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះគាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ
29. កាលគាត់បានចូលដល់ទៅក្នុងផ្ទះហើយ នោះគាត់យកកាំបិត មកកាត់ខ្មោចរបស់នាងនោះចេញជា១២កំណាត់ ផ្ញើទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល
30. រួចពួកអ្នកទាំងប៉ុន្មានដែលបានឃើញ ក៏និយាយគ្នាថា មិនដែលឃើញមានគេធ្វើអំពើយ៉ាងដូច្នេះទេ ចាប់តាំងពីថ្ងៃ ដែលពួកកូនចៅអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទដរាបដល់សព្វថ្ងៃនេះ ដូច្នេះចូរពិចារណា ហើយពិគ្រោះគ្នាចុះ រួចសំរេចសេចក្ដីទៅ។