1. នៅវេលានោះ ក្នុងគ្រាដែលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល នោះមានពួកលេវីម្នាក់ ដែលនៅស្រុកភ្នំអេប្រាអិមម្ខាង បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង
2. នាងនោះក៏ផិតចេញពីប្ដី រួចទៅឯផ្ទះឪពុកនាង នៅឯបេថ្លេហិមស្រុកយូដាវិញ នាងបាននៅទីនោះអស់៤ខែ
3. នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបំរើម្នាក់ និងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ
4. រួចគាត់នៅជាមួយបាន៣ថ្ងៃ ដោយឪពុកក្មេកបានឃាត់សិន ហើយក៏ស៊ីផឹកជាមួយគ្នា ព្រមទាំងដេកនៅទីនោះផង
5. ដល់ថ្ងៃទី៤ គេក៏ក្រោកឡើងពីព្រលឹម តែកាលគាត់ចង់ធ្វើដំណើរចេញទៅ នោះឪពុកនាងឃាត់ថា ចាំបរិភោគចំរើនកំឡាំងសិន រួចសឹមទៅចុះ
6. ដូច្នេះគេក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយថា សូមឲ្យសំរេចចិត្តនៅ១យប់នេះសិន ឲ្យបានសប្បាយឡើង
7. អ្នកនោះក្រោកឡើងចង់ទៅ តែឪពុកក្មេកចេះតែបង្ខំ បានជាគាត់ដេកនៅទីនោះ១យប់ទៀត
8. ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា
9. រួចកាលគាត់ក្រោកឡើង រៀបធ្វើដំណើរទៅ នាំទាំងប្រពន្ធ និងអ្នកបំរើរបស់គាត់ផង នោះឪពុកក្មេកឃាត់ថា ឥឡូវថ្ងៃរសៀលទាបហើយ ដូច្នេះ សូមឲ្យនៅ១យប់នេះទៀតចុះ មើល ថ្ងៃជិតលិចហើយ ចូរដេកឯណេះចុះ ដើម្បីឲ្យចិត្តឯងបានសប្បាយឡើង រួចដល់ស្អែកសឹមធ្វើដំណើរតាមផ្លូវឯង ត្រឡប់ទៅផ្ទះវិញពីព្រលឹមទៅ។
10. តែគាត់មិនព្រមបង្អង់នៅយប់នោះទៀតទេ ក៏ក្រោកឡើងចេញដំណើរទៅ បានទៅដល់ទន្ទឹមនឹងក្រុងយេប៊ូស (គឺក្រុងយេរូសាឡិម) នាំទាំងសត្វលា២ដែលចងកែប និងនាងជាប្រពន្ធចុងទៅជាមួយផង
11. កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះអ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន