1. នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ រីឯពូជអំបូរដាន់នៅវេលានោះ គេរកស្រុកតាំងជាទីលំនៅ ទុកជាកេរអាកររបស់គេ ដ្បិតតាំងពីដើមរៀងមក គេមិនទាន់បានទទួលកេរអាកររបស់គេ ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាននៅឡើយទេ
2. ដូច្នេះ ពួកកូនចៅដាន់ក៏រើសពួកគេ៥នាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលស្រុក ដោយពាក្យថា ចូរទៅពិនិត្យមើលស្រុកទៅ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់១យប់
3. តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំឡោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ
4. គាត់ឆ្លើយថា មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងនេះមួយៗ គាត់បានជួលខ្ញុំ ឲ្យធ្វើជាសង្ឃដល់គាត់
5. នោះគេប្រាប់ដល់គាត់ថា ដូច្នេះសូមឲ្យអ្នកទូលសួរព្រះមើល ដើម្បីឲ្យយើងរាល់គ្នាដឹង ជាផ្លូវដែលយើងទៅនេះនឹងបានកើតការឬទេ
6. សង្ឃនោះឆ្លើយតបថា សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវ ដែលអ្នករាល់គ្នាទៅនោះហើយ។
7. នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះគេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាច នឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង
8. រួចពួកទាំង៥នាក់ក៏ត្រឡប់ទៅឯបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា យ៉ាងម៉េចទៅ
9. គេប្រាប់ថា ចូររៀបចំឡើង លើកគ្នាទៅច្បាំងនឹងគេទៅ ដ្បិតយើងបានឃើញស្រុកគេល្អណាស់ តើនៅព្រងើយដូច្នេះធ្វើអី កុំឲ្យខ្ជិលនឹងចូលទៅចាប់យកស្រុកនោះឡើយ
10. កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្ស ដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះ មកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វី ដែលនៅផែនដីនេះ។
11. គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ និងអែសថោល គេលើគ្នាចេញទៅទាំងមានគ្រឿងសឹក
12. ក៏ឡើងទៅបោះទ័ព នៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម
13. ពីទីនោះគេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយក៏មកដល់ផ្ទះមីកា។
14. ឯពួក៥នាក់ ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ និងរូបសិតផងឬទេ ដូច្នេះពិចារណាមើល តើត្រូវធ្វើដូចម្តេច
15. គេក៏បែរចូលទៅក្នុងផ្ទះមនុស្សកំឡោះជាពួកលេវីនេះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរពីសេចក្ដីសុខទុក្ខ
16. ឯពួកកូនចៅដាន់ទាំង៦០០នាក់ដែលមានគ្រឿងសឹក គេឈរចាំនៅឰដ៏មាត់ទ្វារ