19. ខណៈនោះនាងបានផ្តេកគាត់ឲ្យលក់នៅលើភ្លៅ រួចនាងហៅម្នាក់មកឲ្យកោរកំរងទាំង៧ពីលើក្បាលគាត់ចេញ នោះនាងចាប់តាំងធ្វើទុក្ខដល់គាត់ ហើយកំឡាំងក៏ថយចេញពីគាត់ទៅ
20. រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួន ដូចជាសព្វ១ដង តែគាត់មិនដឹង ជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ
21. លំដាប់នោះពួកភីលីស្ទីនក៏មកចាប់គាត់ ចាក់ឲ្យខ្វាក់ភ្នែក រួចនាំចុះទៅឯក្រុងកាសា ដល់ហើយក៏យកច្រវាក់លង្ហិនមកដាក់គាត់ រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក
22. ប៉ុន្តែ ក្រោយដែលគេបានកោរ នោះសក់ក៏ចាប់តាំងលាស់ឡើងវិញ។
23. គ្រានោះ ពួកមេសាសន៍ភីលីស្ទីន ក៏ប្រមូលគ្នាដើម្បីនឹងថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះនៃគេ ហើយនាំគ្នាសប្បាយឡើង ដោយថា ព្រះនៃយើងបានប្រគល់សាំសុនជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃយើងហើយ
24. កាលពួកបណ្តាជនបានឃើញគាត់ នោះគេសរសើរដល់ព្រះរបស់គេដោយថា ព្រះនៃយើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ព្រមទាំងសំឡាប់ពួកយើងជាច្រើនផងនោះ
25. កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
26. នោះសាំសុនសូមដល់ក្មេង ដែលដឹកដៃគាត់ថា សូមបើកឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ ដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិច
27. រីឯរោងនោះមានពេញណែន ដោយមនុស្ស ទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុន ពីលើដំបូល កំពុងដែលគាត់ឡកត្លុក
28. គ្រានោះសាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង
29. នោះសាំសុនក៏ចាប់សសរទាំង២ ដែលទ្រនៅជាកណ្តាលរោងនោះ ដោយដៃស្តាំម្ខាង ហើយដោយដៃឆ្វេងម្ខាង
30. រួចគាត់ថា សូមឲ្យខ្ញុំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ នោះគាត់ប្រឹងរួបយោលខ្លួនពេញកំឡាំង ហើយរោងនោះបានរលំមកលើពួកមេ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ដែលនៅក្នុងទីនោះផង ដូច្នេះ ពួកមនុស្សដែលគាត់ធ្វើឲ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នក ដែលគាត់បានសំឡាប់ពីកាលនៅរស់ទៅទៀត
31. ឯបងប្អូន និងពួកគ្រួឪពុកគាត់ទាំងអស់ គេចុះទៅសែងខ្មោចគាត់ឡើងមក ក៏បញ្ចុះនៅក្នុងទីកប់ខ្មោចរបស់ម៉ាណូអា ជាឪពុក នៅជាកណ្តាលសូហារ និងអែសថោល គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល២០ឆ្នាំ។