14. នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។
15. នោះនាងនិយាយនឹងគាត់ថា ធ្វើដូចម្តេចឲ្យបងនិយាយថា បងស្រឡាញ់ដល់ខ្ញុំបាន បើចិត្តបងទីទៃពីគ្នាដូច្នេះ បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកំឡាំងខ្លាំងទាំងម៉្លេះពីណាមកសោះ
16. រួចមក ដោយនាងចេះតែរំអុកបង្ខំរាល់តែថ្ងៃ ដោយពាក្យសំដីនាង បានជាគាត់មានចិត្តព្រួយសឹងតែនឹងស្លាប់
17. ហើយក៏បញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់នាងថា មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកន៉ាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកំឡាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត។
18. កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេ ឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា សូមឡើងមកតែម្តងនេះទៀតចុះ ដ្បិតវាបានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់ខ្ញុំហើយ ដូច្នេះពួកមេក៏ឡើងមកឯនាង ព្រមទាំងយកប្រាក់នោះមកផង
19. ខណៈនោះនាងបានផ្តេកគាត់ឲ្យលក់នៅលើភ្លៅ រួចនាងហៅម្នាក់មកឲ្យកោរកំរងទាំង៧ពីលើក្បាលគាត់ចេញ នោះនាងចាប់តាំងធ្វើទុក្ខដល់គាត់ ហើយកំឡាំងក៏ថយចេញពីគាត់ទៅ