1. លំដាប់នោះសាំសុនទៅឯក្រុងកាសា នៅទីនោះ គាត់ឃើញស្រីសំផឹងម្នាក់ ហើយក៏ចូលទៅឯនាង
2. មានគេប្រាប់ដល់ពួកក្រុងកាសាថា សាំសុនបានមកហើយ គេក៏ព័ទ្ធទីជុំវិញ លបចាំចាប់គាត់នៅទ្វារក្រុងរហូតទាល់ភ្លឺ គេនៅសំងំពេញ១យប់នោះ ដោយសន្យាគ្នាថា ដល់ភ្លឺឡើងយើងនឹងសំឡាប់វាចេញ
3. តែសាំសុនគាត់ដេក ទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។
4. ក្រោយមកទៀត គាត់មានស្រឡាញ់ស្ត្រីម្នាក់នៅច្រកភ្នំសូរេក នាងនោះឈ្មោះដេលីឡា
5. ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកំឡាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង
6. រួចដេលីឡាក៏ល្បួងសាំសុនថា សូមប្រាប់ខ្ញុំដែលអ្នកមានកំឡាំងជាខ្លាំងម៉្លេះពីណាមក តើយកអ្វីនឹងចងបង្ក្រាបអ្នកបាន