6. ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសំឡាប់នាងនោះ ព្រមទាំងឪពុកទៅ
7. សាំសុនក៏និយាយគំនុំដល់គេថា ឯងរាល់គ្នាធ្វើដូច្នេះ អើ មិនអីទេ ចាំមើល ថ្ងៃក្រោយអញនឹងសងសឹកនឹងឯងម្តងវិញជាសំរេច
8. គាត់ក៏វាយសំឡាប់គេដោយកំឡាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាមទៅ។
9. នោះពួកភីលីស្ទីនគេឡើងទៅ បោះទ័ពក្នុងស្រុកយូដា រាយរហូតដល់តំបន់លេហ៊ី
10. រួចពួកយូដាសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមក ទាស់នឹងយើងដូច្នេះ គេឆ្លើយថា យើងមកប្រយោជន៍តែនឹងចាប់ចងសាំសុនប៉ុណ្ណោះទេ ដើម្បីនឹងសងដល់វា ដូចជាវាបានធ្វើយើងហើយ
11. ដូច្នេះ មានពួកយូដា៣ពាន់នាក់ ចុះទៅដល់ក្រហែងថ្មអេតាមនោះ និយាយនឹងសាំសុនថា តើឯងមិនដឹងថាពួកភីលីស្ទីនជាម្ចាស់លើយើងរាល់គ្នាទេឬអី ឯងបានធ្វើអ្វីដល់យើងដូច្នេះ គាត់ឆ្លើយតបថា ខ្ញុំគ្រាន់តែបានធ្វើដល់គេ ដូចជាគេបានធ្វើខ្ញុំហើយទេ
12. នោះគេប្រាប់គាត់ថា យើងចុះមកនេះ ដើម្បីចងឯងនាំទៅប្រគល់ដល់អំណាចពួកភីលីស្ទីន សាំសុនឆ្លើយថា ដូច្នេះ ចូរស្បថនឹងខ្ញុំថា ខ្លួនអ្នករាល់គ្នាមិនសំឡាប់ខ្ញុំទេ
13. គេក៏ទទួលព្រមថា អើ យើងគ្រាន់តែចងឯងនាំទៅប្រគល់ដល់អំណាចគេប៉ុណ្ណោះ ឯខ្លួនយើងមិនសំឡាប់ឯងជាប្រាកដ គេក៏យកខ្សែថ្មី២មកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។
14. គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់