1. ក្រោយបន្តិចមក នៅវេលាចំរូតស្រូវសាលី នោះសាំសុនក៏យកកូនពពែ១ទៅសួរប្រពន្ធគាត់ ដោយគិតថា អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់ តែឪពុកនាងមិនព្រមឲ្យចូលទៅទេ
2. ដោយពាក្យថា អញបានគិតថាឯងស្អប់វាហើយ បានជាអញឲ្យវាទៅអ្នកដែលកំដរឯងម្នាក់វិញ ឥឡូវប្អូនវាក៏មានរូបស្រស់ល្អជាងវាដែរ ដូច្នេះសូមឲ្យយកប្អូនជំនួសវាចុះ
3. នោះសាំសុននិយាយទៅគេថា ម្តងណេះបើអញធ្វើបាបដល់ពួកភីលីស្ទីន នោះអញគ្មានទោសទេ
4. រួចគាត់ចេញទៅចាប់ចចក៣០០ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ ដាក់ចន្លុះមួយៗនៅជាកណ្តាលកន្ទុយទាំង២នោះ
5. លុះកាលបានអុចចន្លុះទាំងនេះស្រេចហើយ នោះក៏លែងទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្តាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចំការដើមអូលីវផង
6. ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសំឡាប់នាងនោះ ព្រមទាំងឪពុកទៅ
7. សាំសុនក៏និយាយគំនុំដល់គេថា ឯងរាល់គ្នាធ្វើដូច្នេះ អើ មិនអីទេ ចាំមើល ថ្ងៃក្រោយអញនឹងសងសឹកនឹងឯងម្តងវិញជាសំរេច
8. គាត់ក៏វាយសំឡាប់គេដោយកំឡាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាមទៅ។
9. នោះពួកភីលីស្ទីនគេឡើងទៅ បោះទ័ពក្នុងស្រុកយូដា រាយរហូតដល់តំបន់លេហ៊ី
10. រួចពួកយូដាសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមក ទាស់នឹងយើងដូច្នេះ គេឆ្លើយថា យើងមកប្រយោជន៍តែនឹងចាប់ចងសាំសុនប៉ុណ្ណោះទេ ដើម្បីនឹងសងដល់វា ដូចជាវាបានធ្វើយើងហើយ