ចៅហ្វាយ 14:4-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ឪពុក​ម្តាយ​គាត់​មិន​បាន​ដឹង ជា​ការ​នោះ​កើត​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ទ្រង់​រក​ឱកាស​ទាស់​នឹង​ពួក​ភីលីស្ទីន រីឯ​នៅ​ជាន់​នោះ ពួក​សាសន៍​ភីលីស្ទីន​គេ​កាន់​កាប់​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។

5. លំដាប់​នោះ សាំសុន​ក៏​ចុះ​ទៅ​ឯ​ធីមណា​ជា​មួយ​នឹង​ឪពុក​ម្តាយ លុះ​បាន​ដល់​មក​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ធីមណា នោះ​ឃើញ​មាន​សិង្ហ​ស្ទាវ​១ ចេញ​មក​គ្រហឹម​ដាក់​គាត់

6. ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​ជា​គេ​ហែក​កូន​ពពែ តែ​គាត់​គ្មាន​អ្វី​នៅ​ដៃ​សោះ រឿង​នោះ​គាត់​មិន​បាន​ប្រាប់​ដល់​ឪពុក​ម្តាយ​ទេ

7. រួច​សាំសុន​ចុះ​ទៅ​និយាយ​នឹង​នាង​នោះ ហើយ​នាង​ក៏​ពេញ​ចិត្ត​ដល់​គាត់​ណាស់

8. ក្រោយ​បន្តិច​គាត់​ក៏​ត្រឡប់​មក ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ឃើញ​ថា​មាន​សំបុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ

9. គាត់​ក៏​ច្បាម‌យក​សំបុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិភោគ​តាម​ផ្លូវ​បណ្តើរ ដរាប​ដល់​មក​ជួប​នឹង​ឪពុក​ម្តាយ រួច​ក៏​ជូន​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ពី​ការ​ដែល​យក​សំបុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។

10. ឪពុក​គាត់​ក៏​ចុះ​ទៅ​ឯ​ផ្ទះ​នៃ​ស្ត្រី​នោះ ដល់​ហើយ​សាំសុន​ក៏​ចាត់‌ចែង​រៀប​ជប់‌លៀង តាម​ទំនៀម‌ទំលាប់​នៃ​ពួក​កំឡោះ

11. លុះ​គេ​ទទួល​គាត់​ស្រេច​ហើយ នោះ​ក៏​ដំរូវ​មនុស្ស​៣០​នាក់ ឲ្យ​មក​កំដរ​គាត់

12. ឯ​សាំសុន​គាត់​និយាយ​ទៅ​គេ​ថា សូម​ឲ្យ​ខ្ញុំ​ចោទ​ជា​ប្រស្នា​ដល់​អ្នក​រាល់​គ្នា​បន្តិច បើ​សិន​ជា​អ្នក​រាល់​គ្នា​រក​ពាក្យ​ឆ្លើយ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ​បាន ក្នុង​រវាង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នេះ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​ទ្រនាប់ និង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់ៗ

13. តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នេះ​មិន​បាន នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​អាវ​ទ្រនាប់ និង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់​ដល់​ខ្ញុំ​វិញ គេ​ឆ្លើយ​ឡើង​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ចោទ​ប្រស្នា​នោះ​ដល់​យើង​រាល់​គ្នា​ចុះ

14. គាត់​ក៏​ចោទ​ថា «ពី​អា​ហែក​ស៊ី​មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម​ចេញ​ពី​អា​ខ្លាំង​ពូកែ» គេ​ខំ​រក​ន័យ​របស់​ប្រស្នា​នោះ អស់​៣​ថ្ងៃ​មិន​ឃើញ​សោះ។

ចៅហ្វាយ 14