1. សាំសុនគាត់ចុះទៅឯក្រុងធីមណា ហើយនៅទីនោះ គាត់ឃើញស្ត្រីម្នាក់ក្នុងពួកស្រីក្រមុំរបស់សាសន៍ភីលីស្ទីន
2. រួចត្រឡប់មកប្រាប់ដល់ឪពុកម្តាយថា ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងពួកស្រីក្រមុំរបស់ពួកសាសន៍ភីលីស្ទីន ដូច្នេះសូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ
3. តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មាន ជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់
4. ឪពុកម្តាយគាត់មិនបានដឹង ជាការនោះកើតមកពីព្រះយេហូវ៉ាទេ ដ្បិតទ្រង់រកឱកាសទាស់នឹងពួកភីលីស្ទីន រីឯនៅជាន់នោះ ពួកសាសន៍ភីលីស្ទីនគេកាន់កាប់ត្រួតត្រាលើសាសន៍អ៊ីស្រាអែល។
5. លំដាប់នោះ សាំសុនក៏ចុះទៅឯធីមណាជាមួយនឹងឪពុកម្តាយ លុះបានដល់មកចំការទំពាំងបាយជូរ នៅធីមណា នោះឃើញមានសិង្ហស្ទាវ១ ចេញមកគ្រហឹមដាក់គាត់
6. ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចាប់ហែកសិង្ហនោះ ដូចជាគេហែកកូនពពែ តែគាត់គ្មានអ្វីនៅដៃសោះ រឿងនោះគាត់មិនបានប្រាប់ដល់ឪពុកម្តាយទេ
7. រួចសាំសុនចុះទៅនិយាយនឹងនាងនោះ ហើយនាងក៏ពេញចិត្តដល់គាត់ណាស់
8. ក្រោយបន្តិចគាត់ក៏ត្រឡប់មក ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ ក៏បែរទៅមើលខ្មោចសិង្ហនោះ ឃើញថាមានសំបុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ
9. គាត់ក៏ច្បាមយកសំបុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ ដរាបដល់មកជួបនឹងឪពុកម្តាយ រួចក៏ជូនគាត់ពិសាដែរ តែមិនបានប្រាប់ពីការដែលយកសំបុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។
10. ឪពុកគាត់ក៏ចុះទៅឯផ្ទះនៃស្ត្រីនោះ ដល់ហើយសាំសុនក៏ចាត់ចែងរៀបជប់លៀង តាមទំនៀមទំលាប់នៃពួកកំឡោះ
11. លុះគេទទួលគាត់ស្រេចហើយ នោះក៏ដំរូវមនុស្ស៣០នាក់ ឲ្យមកកំដរគាត់
12. ឯសាំសុនគាត់និយាយទៅគេថា សូមឲ្យខ្ញុំចោទជាប្រស្នាដល់អ្នករាល់គ្នាបន្តិច បើសិនជាអ្នករាល់គ្នារកពាក្យឆ្លើយដោះស្រាយឲ្យខ្ញុំបាន ក្នុងរវាង៧ថ្ងៃដែលជប់លៀងនេះ នោះខ្ញុំនឹងឲ្យអាវទ្រនាប់ និងសំលៀកបំពាក់១បន្លាស់ម្នាក់ៗ