16. តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ
17. ក៏សួរថា តើលោកមាននាមដូចម្តេច ដើម្បីកាលណាបានសំរេចដូចជាពាក្យលោក នោះឲ្យយើងខ្ញុំបានលើកសរសើរដល់នាមលោកផង
18. តែទេវតានៃព្រះយេហូវ៉ាឆ្លើយតបថា ហេតុអ្វីបានជាឯងសួររកឈ្មោះអញ ដ្បិតឈ្មោះអញនេះប្លែកអស្ចារ្យ
19. ដូច្នេះ ម៉ាណូអាគាត់យកកូនពពែ និងដង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតាក៏ធ្វើយ៉ាងអស្ចារ្យ ក្នុងខណៈដែលម៉ាណូអា និងប្រពន្ធកំពុងមើល
20. គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនាឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនានោះទៅ ឯម៉ាណូអា និងប្រពន្ធក៏មើល រួចទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។
21. តាំងពីនោះមកទេវតានៃព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតានៃព្រះយេហូវ៉ា
22. រួចប្រាប់ប្រពន្ធថា យើងនឹងស្លាប់ជាប្រាកដ ពីព្រោះយើងបានឃើញព្រះហើយ
23. តែប្រពន្ធឆ្លើយថា បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសំឡាប់យើង នោះទ្រង់មិនបានទទួលដង្វាយដុត និងដង្វាយម្សៅពីដៃយើងដូច្នេះទេ ក៏មិនបានឲ្យយើងឃើញអស់ទាំងការនេះ ឬប្រាប់សេចក្ដីយ៉ាងនេះ ឲ្យយើងដឹងនៅវេលានេះដែរ។
24. នាងក៏បង្កើតបានកូនប្រុសមួយ ឲ្យឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ
25. ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ ដែលនៅកណ្តាលសូរ៉ាស់ ហើយនឹងអែសថោល។